ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតនៅក្រុងសៀមរាប

2022/04/04 01:49:32 am        622

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បាន​​អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ផ្លូវ​ចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​មួយ​ចំនួន​​ទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖

 -​ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សមិទ្ធនានាដែលកើតមានក្នុងខេត្តសៀមរាប និយាយដោយឡែក និងទូទាំងប្រទេសនិយាយជារួម បានកើតចេញពីទស្សនៈវិស័យ និងចក្ខុវិស័យ នៃការដឹកនាំ​ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមម្លប់ នៃសុខសន្តិភាព។ ហើយ​ទិដ្ឋភាព​អំណោយ​ផលទាំងនេះគឺចង់បញ្ជាក់ថា«ខ្មែរធ្វើបាន»។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលនេះល្មមដល់ពេលដែលសៀមរាប​ទទួលបាន​នូវ​សមិទ្ធផល​ថ្មី ដ៏មហាសាល ដែលសមនឹងការប្រសិទ្ធនាមជា «តារារះនៅទិសឧត្តរ»។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលកើតមាននៅសៀមរាប នាពេលនេះ រួមមាន៖ ផ្លូវខ្វែងខ្វាត់ចំនួន ៣៨ខ្សែ និងសមិទ្ធនានា តាមដងស្ទឹងសៀមរាប មិនត្រឹមតែជា​ការអភិវឌ្ឍ​តែ​មួយ​​មុខ​នោះទេ សមិទ្ធផលទាំងនេះ ក៏បានបង្កប់នូវ​អត្ថន័យ​យ៉ាង​ជ្រៀលជ្រៅ​សមជា​ខេត្តវប្បធម៌ ដែល​មានធាតុផ្សំការអភិវឌ្ឍ និងការអភិរក្ស។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សមិទ្ធផលផ្លូវខ្វែងខ្វាត់នៅខេត្តសៀមរាបនាពេលនេះ សុទ្ធតែមានឈ្មោះ និងត្រូវបានប្រសិទ្ធនាមឈ្មោះថ្មី ដែលមិនឈ្មោះដូចជា លន់ ណុល សិរីមតៈ ចេងហេង...។ល។ នោះទេ គឺសុទ្ធតែប្រសិទ្ធនាមស្របតាមកិច្ចខិតខំប្រឹងប្រែង និងបូជាកម្លាំង​កាយចិត្ត​របស់​ឥស្សរជន​កម្ពុជា ដែលមានភក្តីភាពចំពោះជាតិ បាតុភូមិ ទឹកកម្ពុជា និង​ប្រជាជន​កម្ពុជា​។​

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតែតាមដងផ្លូវ និង​ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយតាមមាត់ស្ទឹង និងក្នុងស្ទឹងសៀមរាប ដែលបាន​សហការ​ខ្ពស់ជាមួយគណៈកម្មការស្ថាបនាផ្លូវ និងអាជ្ញាធរខេត្តសៀមរាប ដើម្បីសម្រួល​ដល់​ស្ថាបនា និង​កែលម្អហេដ្ឋារចនាសម្ព័ន្ធបានឆាប់រហ័ស និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយមោទកភាព និងសម្តែង​ក្តីរីករាយ​ជាមួយ​ប្រជាពលរដ្ឋខេត្តសៀមរាប មិនត្រឹមតែទទួលបានសមិទ្ធផលថ្មីយ៉ាងគាប់ប្រសើរទេ ថែម​ទាំង​មាន​កម្រិត​ជីវភាពគ្រួសារល្អប្រសើរ ដែលខុសពីអតីតកាល មានតែកង់ចតមុខផ្ទះ តែពេលនេះ​ពោរពេញ​ទៅ​ដោយរថយន្តទំនើបៗ និងចតទុកយ៉ាង​មានរបៀបរៀបរយ​តាមគំនូស​ចំណត​លើខឿន នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវយ៉ាងស្រស់ស្អាត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសទៅដល់ជនអនាចារទាំងឡាយដែលចង់ធ្វើសកម្មភាព ឆក់ ប្លន់ លួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ សូមបោះបង់គំនិតអាក្រក់នោះចោល ព្រោះសៀមរាប ក្លាយជាក្រុងឆ្លាតដែលពោរពេញដោយប្រព័ន្ធសុវត្ថិភាព និងកាមេរ៉ាសុវត្ថិភាព ទោះជា​ធ្វើសកម្មភាព​អ្វីក៏គេដឹង និងចាត់វិធានការដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ ICC Angkor ដៃគូ​សហប្រតិបត្តិការ​បារាំង-ជប៉ុន និងយូណេស្កូ ដែលមានសុទិដ្ឋិនិយមចំពោះកម្ពុជា និងបានប្រឹងប្រែង​រួមគ្នា​ជាមួយ​កម្ពុជា​ថែរក្សាសម្បត្តិវប្បធម៌ខ្មែរ និងប្រឹងប្រែង​សម្របសម្រួស ដើម្បី​កសាង​សមិទ្ធផល​ថ្មី​ៗ​នៅ​ក្នុងខេត្ត ដែលមិនប៉ះពាល់ដល់ប្រាសាទ និងសម្បត្តិវប្បធម៌។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បណ្ឌិតមួយរូប(បណ្ឌិត គឹម ហៀង) ជាអ្នករកស៊ីដីធ្លី (អចលនទ្រព្យ) ដែលបានរិះគន់រាជរដ្ឋាភិបាល និងអាជ្ញាធរ មិនអនុញ្ញាតឱ្យកសាងអគារខ្ពស់ និងរិតត្បិតការសាងសង់នៅខេត្តសៀមរាប សូមឱ្យបញ្ឈប់សកម្មភាពទាំងនោះ ដោយសម្តេចហៅសកម្មភាពបណ្ឌិតរូបនោះថាជាសកម្មភាព «មើលតែឈើមួយដើម តែមិនមើលព្រៃទាំងមូល» ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនអាចយក ខេត្តសៀមរាបទៅប្រៀបធៀបទីផ្សារ​អចលនទ្រព្យ​ដូចខេត្តដទៃនោះទេ ខណៈខេត្តមួយនេះគឺមានប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នយោយបាយរបស់​រាជរដ្ឋាភិបាល​មិនសម្លាប់​មេមាន់​ដើម្បី​យកពងទេ គឺយើងរក្សាមេមាន់ ដើម្បីទទួលបានពងជារៀងរាល់ថ្ងៃ។ សម្តេចបញ្ជាក់ថា សកម្មភាពអ្វីក៏ដោយ ត្រូវគិតដល់ផលប្រយោជន៍រួម និងប្រយោជន៍ជាតិជាធំ ជាពិសេសនិរន្តរភាព នៃការរក្សាប្រាង្គប្រាសាទ និងសម្បត្តិវប្បធម៌ខ្មែរគ្រប់ទីកន្លែង។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ឥស្សរជន សាធារណជន និង​ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ដែលបានជូនពរដល់សម្តេចក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យ​បន្តនាំ​គ្នា​រក្សា​សុខសន្តិភាព ដែល​យើងបានប្រឹងប្រែងរកមកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «សង្គ្រាមងាយបង្កើត តែសន្តិភាព​មិនងាយស្វែងរកបានដោយស្រួលៗនោះទេ»។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាល នៃសង្គ្រាមស៊ីវិល ដែលកម្ពុជាមួយពេលនោះ មានតំបន់ត្រួតត្រាច្រើន គឺជាពេលវេលាដ៏លំបាកបំផុត និងមានការផ្ទុះអាវុធជារៀងរាល់ថ្ងៃ ដោយស្លាប់​ប្រជាពលរដ្ឋ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កុំដល់ពេលមានសង្គ្រាមហើយ ទើប​នាំគ្នា​ស្វែង​រក​សុខសន្តិភាព យើងត្រូវតែរក្សាសន្តិភាពដែលកំពុងមាន ឱ្យស្ថិតនៅជានិច្ចនិរន្តតរៀងទៅ។

- សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គុំថ្វាយអំណរព្រះរាជគុណ ថ្វាយ សម្តេចឪ, សម្តេចម៉ែ ,ព្រះករុណា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលតែងមានព្រះទ័យ និងទឹកចិត្ត គាំទ្រសម្តេចក្នុងការដឹកនាំប្រទេស។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមាន និងប្រកាសប្តូរផ្តាច់​រក្សា​សុខសន្តិភាព​នៅ​កម្ពុជា​ឱ្យ​បានគង់វង្ស។ សម្តេចបញ្ជាក់ថា «នរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព ត្រូវតែកម្ទេច មិនត្រូវអត់ឱនឱ្យនរណាម្នាក់ឡើយ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសគិតគូរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា ដែលជា​ប្រព័ន្ធដឹកជញ្ជូនបុរាណធ្វើដំណើរយឺត ដែល​សម្តេច​ចង់​ឱ្យមាន​ការ​ធ្វើ​ទំនើប​កម្ម​ផ្លូវ​រថភ្លើង​ល្បឿនលឿន (លើតម្រាយផ្លូវចាស់) ដើម្បីសម្រួលដល់ការដឹកជញ្ជូន និង​ការ​ចរាចរណ៍​ឆាប់​រហ័ស​។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ កុំភ្លេចខ្លួន នៅក្នុង​ការ​ការពារ​ពីការឆ្លង​រីករាលដាលជំងឺកូវីដ-១៩ តាមរយៈវិធានការ ៣កុំ និង៣ការពារ ព្រមទាំង​ជំរុញការ​ចាក់​វ៉ាក់សាំង​ដូចជំរុញ(ដូសទី៣) ឱ្យគ្រប់គ្រាន់ ដើម្បីធានាភាពសាំសហគមន៍កាន់តែខ្ពស់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតថា ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នឹងត្រូវកើតមានយ៉ាងពិតប្រាកដ ដែល​ប្រជាពលរដ្ឋ​អាច​សប្បាយរីករាយដោយគ្មានកង្វល់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាគំនិតចង់ឱ្យមានការសាកល្បងមិនពាក់ម៉ាស់នៅតំបន់ ឬខេត្តណាមួយ ព្រោះម៉ាស់នេះ ក៏ជាតម្រូវការចំណាយរបស់ប្រជាពលរដ្ឋផងដែរ ហើយ​មួយ​វិញ​ទៀត​ករណីឆ្លងរីករាយដាលជំងឺកូវីដ-១៩ ក៏ត្រូវ​បាន​គ្រប់​គ្រង​ឱ្យស្ថិត​នៅ​កម្រិត​មួយ​ទាប​ផង។ សម្តេចបញ្ជាក់ថា «អារឿងអត់ពាក់ម៉ាស់នេះគ្រាន់តែជាគំនិតនៅឡើយ តែអ្វីៗ​ត្រូវ​រង់ចាំ​ការ​ពិភាក្សា និងចាំ​ការ​ប្រកាសរបស់រាជរដ្ឋាភិបាលជាមុនសិន»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿលើការឃោសនា ផ្សព្វ​ផ្សាយ​អកុសល របស់ជនមួយក្តាប់តូចថា «ចាក់វ៉ាក់សាំង នាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»។ សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា «វ៉ាក់សាំងគឺជាឧបករណ៍មួយ ដ៏មានប្រសិទ្ធភាពបំផុត ក្នុង​ការ​ជួយ​ដល់ប្រជាពលរដ្ឋពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនពរ និងប្រសិទ្ធិពរជ័យ សិរីបវរ មហាប្រសើរ ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស, ប្រជាពលរដ្ឋខ្មែររស់នៅឯនាយសមុទ្រ និងកងរក្សាសន្តិភាពកម្ពុជា កំពុងបំពេញបេសកកម្ម​រក្សាសន្តិភាព​ក្រោមឆ័ត្រ​អង្គការសហប្រជាជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈាន​ចូលមកដល់​នាពេល​ឆាប់ៗខាងមុខនេះ។


សង្កថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចប់នៅវេលាម៉ោង៨ និង៤៤នាទី

អត្ថបទដែលទាក់ទង

ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតមិត្តភាព​សប្បុរសធម៌ នៅថ្ងៃទី១ឧសភាខាងមុខ ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
2024/04/25 11:38:24 am        1
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនចូលរួមថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ដែលកំពុងត្រូវការ​ សម្រាប់ព្យាបាលដល់កុមារកម្ពុជា
2024/04/25 11:01:43 am        1
សម្ដេចធិបតីនាយករដ្ឋមន្រ្តីអះអាងថានឹងខិតខំធ្វើយ៉ាងលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីកម្ពុជា
2024/04/25 10:30:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ត្រីបាឡែនជាង ១០០ក្បាលជាប់ខ្លួន នៅលើឆ្នេរភាគខាងលិចអូស្ត្រាលី

2024/04/25 11:40:34 am
​ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតមិត្តភាព​សប្បុរសធម៌ នៅថ្ងៃទី១ឧសភាខាងមុខ ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
2024/04/25 11:38:24 am
​អាមេរិក៖ អ៊ីស្រាអែលជំរុញឲ្យផ្តល់ភាពស្របច្បាប់ដល់ការតាំងទីលំនៅ នៅវេសបែង គឺគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ
2024/04/25 11:33:30 am
​អ្នកឃ្លាំមើល៖ អ៊ីរ៉ង់កាត់បន្ថយវត្តមានយោធានៅស៊ីរី បន្ទាប់ពីការវាយប្រហារដែលត្រូវបានបន្ទោសទៅលើអ៊ីស្រាអែល
2024/04/25 11:29:13 am
​ឥណ្ឌូនេស៊ី ប្រកាសជាផ្លូវការថា លោក Prabowo Subianto គឺជាប្រធានាធិបតីថ្មី
2024/04/25 11:23:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/24 08:53:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am