មេដឹកនាំអឺរ៉ុប នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានបង្ហាញការអបអរ ចំពោះបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលបានព្រមព្រៀងគ្នា ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
អមដោយការបន្ថែមថា ជំហាននេះមានសារៈសំខាន់ណាស់ ក្នុងការបន្តការចរចា សម្រាប់ដំណោះស្រាយយូរអង្វែង ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំស្វាគមន៍ ចំពោះបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាកាលពីយប់មិញ (ថ្ងៃអង្គារ)។ វានាំមកនូវការបន្ធូរបន្ថយភាពតានតឹងដែលចាំបាច់»។
ចំណែកប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសរេរនៅលើបណ្ដាញសង្គម X ថា លោកបានជំរុញ «គ្រប់ភាគីទាំងអស់ឲ្យគោរពលក្ខខណ្ឌរបស់ខ្លួន ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់»។ ហើយលោកស្រី Kaja Kallas អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ គឺជា «ការថយមួយជំហានពីមាត់ជ្រោះនៃជម្លោះ ដែលកើតមានឡើងជាច្រើនសប្តាហ៍»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីយប់ថ្ងៃទី៧ ខែមេសាថា លោកបានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់ ពោលគឺរយៈពេលមិនដល់ ២ម៉ោងផង មុនថ្ងៃផុតកំណត់ដែលលោកបានដាក់ ដើម្បីឲ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ឬមិនដូច្នោះទេ ត្រូវប្រឈមនឹងការវាយប្រហារធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន៕


