កងកម្លាំងសន្តិសុខព្រំដែន បាននិយាយនៅថ្ងៃពុធនេះថា ឥណ្ឌាកំពុងពិចារណាប្រលែងពស់ និងក្រពើតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយបង់ក្លាដែស ខណៈដែលទីក្រុងញូវដែលី កំពុងព្យាយាមទប់ស្កាត់ការឆ្លងកាត់ដោយគ្មានការអនុញ្ញាត។
បង់ក្លាដែសស្ទើរតែត្រូវបានហ៊ុមព័ទ្ធដោយប្រទេសឥណ្ឌាទាំងស្រុង ហើយព្រំដែនលាតសន្ធឹងជាង ៤.០០០ គីឡូម៉ែត្រ (២.៤៨៥ ម៉ាយ) ដែលផ្នែកធំៗនៃព្រំដែនទាំងនោះគ្មានរបងព័ទ្ធជុំវិញតំបន់ដីសណ្ត ដែលទន្លេនៅតំបន់ហិម៉ាឡៃហូរឆ្ពោះទៅសមុទ្រ។

មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងសន្តិសុខព្រំដែន លោក Manoj Barnwal បានប្រាប់សារព័ត៌មាន AFP ថា «ការប្រើប្រាស់សត្វល្មូន» ត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំខែកុម្ភៈជាមួយក្រសួងមហាផ្ទៃ។
លោក Barnwal អគ្គអធិការរងនៃកងកម្លាំងយោធាប៉ារ៉ា ដែលមានមូលដ្ឋាននៅទីក្រុង Kolkata ជិតព្រំដែនជាមួយបង់ក្លាដែស បាននិយាយថា៖«យើងត្រូវបានស្នើសុំឲ្យស្វែងយល់ពីលទ្ធភាពនៃការដាក់ពង្រាយសត្វល្មូនដូចជាពស់ ឬក្រពើ នៅក្នុងចន្លោះទន្លេដែលងាយរងគ្រោះ»៕
