ដោយត្រូវបានដកស្រង់ដោយសារព័ត៌មាន The Times of Israel សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានធានាដល់អ៊ីស្រាអែលថា ខ្លួននឹងនៅតែប្តេជ្ញាចិត្តចំពោះគោលដៅរួមរបស់ប្រទេសទាំងពីរ អំឡុងពេលចរចាជាមួយអ៊ីរ៉ង់នាពេលខាងមុខ។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងទៀតថា៖«សហរដ្ឋអាមេរិកបានប្រាប់អ៊ីស្រាអែលថា ខ្លួនប្តេជ្ញាចិត្តក្នុងការសម្រេចគោលដៅទាំងនេះ ដែលចែករំលែកដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្ត ក្នុងតំបន់របស់អ៊ីស្រាអែល នៅក្នុងការចរចានាពេលខាងមុខ»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា បទឈប់បាញ់ទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងមានសុពលភាពរយៈពេលពីរសប្តាហ៍។ លោក Trump បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺ «អាស្រ័យលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់យល់ព្រមចំពោះការបើកច្រកសមុទ្រហ័រមូសទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានអញ្ជើញគណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ១០ ខែមេសា សម្រាប់ការចរចាបន្ថែមទៀត។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បេសកជនពិសេស លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គឺអ្នកជំនួញ លោក Jared Kushner ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពដែលបានគ្រោងទុកជាមួយអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN៕
