ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងចូលរួមក្នុងការចរចានាពេលខាងមុខជាមួយសហរដ្ឋអាមេរិក នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលមានរយៈពេល ៤៥នាទី លោក Pezeshkian បានថ្លែងអំណរគុណដល់លោក Sharif និងកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាន ក្នុងការនាំមកនូវបទឈប់បាញ់បណ្តោះអាសន្ន រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលចេញផ្សាយពីការិយាល័យនាយករដ្ឋមន្ត្រី។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា៖ «លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងចូលរួមក្នុងការចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ»។
លោក Sharif បានសម្តែងការកោតសរសើរ ចំពោះការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការយល់ព្រមលើបទឈប់បាញ់ និងទទួលយកការផ្តល់ជូនរបស់ប៉ាគីស្ថាន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា នៅចុងសប្តាហ៍នេះ។ លោកក៏បានសម្តែងការគោរពចំពោះមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ផងដែរ។
ទម្រង់នៃកិច្ចចរចាមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រភពរដ្ឋាភិបាល នៅទីក្រុងអ៊ីស្លាម៉ាបាដ បានប្រាប់សារព័ត៌មាន Anadolu ថា អ្នកការទូតជាន់ខ្ពស់របស់ប៉ាគីស្ថាន លោក Ishaq Dar នឹងតំណាងឲ្យភាគីប៉ាគីស្ថាន។
លោក Sharif បានប្រកាសពីបទឈប់បាញ់រយៈពេល ២សប្តាហ៍ និងបានអញ្ជើញគណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃសុក្រ «ដើម្បីចរចាបន្ថែមទៀត សម្រាប់កិច្ចព្រមព្រៀងចុងក្រោយ ដែលនឹងដោះស្រាយជម្លោះទាំងអស់»៕