នៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow បាននិយាយថា នាវិក ៣នាក់ នៅលើនាវាមានទង់ជាតិថៃ ដែលត្រូវបានវាយប្រហារ នៅច្រកសមុទ្រ Hormuz កាលពីខែមុន បានបាត់បង់ជីវិត។
នាវា Mayuree Naree ដែលមានទង់ជាតិថៃ ត្រូវបានវាយប្រហារកាលពីថ្ងៃទី១១ ខែមីនា ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវទឹករបស់ឈូងសមុទ្រនេះ បន្ទាប់ពីចាកចេញពីកំពង់ផែមួយ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឲ្យដឹងនៅពេលនោះថា ពួកគេបានវាយប្រហារនាវា Mayuree Naree ក៏ដូចជានាវាដែលមានទង់ជាតិលីបេរីយ៉ា នៅក្នុងច្រកសមុទ្រនេះ ដោយសារតែនាវាទាំងនោះ មិនបានអើពើនឹង «ការព្រមាន»។
សមាជិកនាវិក ២០០នាក់ បានលោតចុះពីលើនាវា ក្នុងអំឡុងពេលមានការវាយប្រហារនោះ ហើយក្រោយមកត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹករបស់ប្រទេសអូម៉ង់។ ក្រសួងការបរទេសថៃបានឲ្យដឹងថា សាកសពមនុស្សត្រូវបានរកឃើញនៅលើនាវា ក្នុងអំឡុងពេលមានប្រតិបត្តិការស្វែងរកលើកទី២។
គួរបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ បានជំរុញឲ្យទីក្រុងតេអេរ៉ង់ឆ្លើយតបដោយបិទច្រកសមុទ្រនេះ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេងសកល និងបើកការវាយប្រហារលើនាវា។ ភាគីទាំង២ បានឈានដល់បទឈប់បាញ់បណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ កាលពីថ្ងៃអង្គារ៕