ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ Kataib Hezbollah ដែលស្ថិតក្រោមចំណុះអ៊ីរ៉ង់និយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងដោះលែងអ្នកសារព័ត៌មានត្រូវបានចាប់ពង្រាត់សហរដ្ឋអាមេរិក គឺអ្នកស្រី Shelly Kittleson ។ ពួកគេបន្តថា អ្នកសារព័ត៌មានរូបនេះ នឹងចាកចេញពីប្រទេសអ៊ីរ៉ាក់ភ្លាមៗ ។
អ្នកស្រី Kittleson ត្រូវបានចាប់ពង្រាត់កាលពីខែមីនា នៅក្នុងទីក្រុងបាកដាដ ហើយគេហទំព័រ AL-Monitor រាយការណ៍ថា អ្នកស្រី Kittleson គឺជាអ្នកសារព័ត៌មានឯករាជ្យមួយរូបរបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋានទីក្រុងរ៉ូម ហើយនិងបានផ្សព្វផ្សាយព័ត៌មានសង្រ្គាមជាច្រើននៅក្នុងតំបន់ ។
មន្រ្តីរដ្ឋាភិបាលអ៊ីរ៉ាក់មួយរូបដែលដឹងពីស្ថានភាពនេះច្បាស់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដោះលែងរបស់អ្នកស្រី បានកើតមានឡើង បន្ទាប់ពីកិច្ចខិតខំយ៉ាងខ្លាំងក្លាយរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងមេដឹកនាំស៊ីអ៊ីតដ៏មានឥទ្ធិពលជាច្រើន ដែលបានដាក់សម្ពាធលើក្រុមជីវពលឲ្យដោះលែងរូបនាង ។
គួររំឭកថា កាលពីខែមីនា ឆ្នាំ ២០២៣ និស្សិតបញ្ចប់ការសិក្សាកូនកាត់អ៊ីស្រាអែល-រុស្ស៊ីម្នាក់គឺអ្នកស្រី Elizabeth Tsurkov ត្រូវបានចាប់ពង្រាត់ផងដែរដោយក្រុមជីវពល Kataib Hezbollah អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ ។ អ្នកស្រីត្រូវបានដោះលែងវិញនៅឆ្នាំ ២០២៥ ៕