នគរបាលបូលីវី បានចាប់ខ្លួនមនុស្ស ១៣នាក់ អំឡុងប្រតិបត្តិការលើផ្ទះមួយខ្នង ប្រឆាំងអង្គការឧក្រិដ្ឋកម្ម ។
យោងតាមសារព័ត៌មានបូលីវី បានឲ្យដឹងថា នៅក្នុងចំណោមអ្នកឃាត់ខ្លួន គឺជាជនជាតិបូលីវី ២នាក់ និងជនជាតិកូឡុំប៊ី ១១នាក់ រួមទាំងមេខ្លោងអង្គការឧក្រិដ្ឋកម្មកូឡុំប៊ី Los Espartanos លោក Jorge Isaac Campas Jimenez ផងដែរ ។
យោងតាមការអះអាងរបស់នគរបាលបូលីវី បានឲ្យដឹងថា ការវាយប្រហារដែលបានកើតឡើងនៅផ្ទះមួយខ្នង ស្ថិតក្នុងខេត្តភាគកណ្តាល Santa Cruz បង្កឲ្យមានការផ្ទុះអាវុធដាក់គ្នាផងដែរ រវាងក្រុមជនសង្ស័យ និងក្រុមនគរបាល ប៉ុន្តែគ្មានជនរងគ្រោះកើតឡើងនោះទេ ។
ក្រុមឧក្រិដ្ឋកម្ម Los Espartanos រងការចោទប្រកាន់ថា ប្រតិបត្តិការនៅទីក្រុងកំពង់ផែ Buenaventura ស្ថិតក្នុងខេត្ត Valle del Cauca របស់កូឡុំប៊ី ជាទីដែលសមាជិករបស់ពួកគេ រងការចោទប្រកាន់ថា បានជំរិតទារប្រាក់ និងបង្ខំឲ្យផ្លាស់ទីលំនៅ ក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត ៕