មន្ត្រីអាមេរិកបានលើកឡើងថា ការផ្តល់ការវាយតម្លៃអំពីសង្គ្រាមដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានបំភ័ន្តទាំងសាធារណជន និងលោកប្រធានាធិបតី Donald Trump។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Washington Post នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ។
ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាននេះបានរាយការណ៍ថា ការវាយតម្លៃរបស់លោក Hegseth ទាក់ទងនឹងជម្លោះជាមួយអ៊ីរ៉ង់ គឺ «មានសុទិដ្ឋិនិយមខ្លាំងពេក» ហើយមិនបានឆ្លុះបញ្ចាំងពីការពិតនៃសមរភូមិនោះឡើយ។
មន្ត្រីរដ្ឋបាលម្នាក់ បានប្រាប់សារព័ត៌មាន The Washington Post ថា «លោក Pete (Hegseth) មិនបាននិយាយការពិតទៅកាន់ប្រធានាធិបតីនោះទេ ហើយបន្ថែមថា «ជាលទ្ធផល លោកប្រធានាធិបតីកំពុងនិយាយឡើងវិញនូវព័ត៌មានបំភ័ន្តទាំងនេះ»។
ក្តីបារម្ភនៅក្នុងរដ្ឋបាលរបស់លោក Trump ត្រូវបានគេរាយការណ៍ថា មានសភាពកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិក ហើយប្រតិបត្តិការជួយសង្គ្រោះបន្តបន្ទាប់ ត្រូវបានចាប់ផ្តើម ដែលធ្វើឲ្យមានសំណួរច្រើនឡើងៗ អំពីការអះអាងពីមុនរបស់លោក Hegseth ដែលថា អ៊ីរ៉ង់ «គ្មានប្រព័ន្ធការពារដែនអាកាស»។
តែយ៉ាងណាក្ដី អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានបដិសេធការចោទប្រកាន់ ដែលថា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យលោកប្រធានាធិបតីយល់ខុស ហើយបាននិយាយថា លោក Trump តែងតែដឹងថា អ៊ីរ៉ង់នឹងឆ្លើយតបដោយយោធា៕