អ្នកវិភាគនិយាយនៅថ្ងៃពុធនេះថា ការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់ គ្រាន់តែជាការផ្អាកសង្រ្គាមប៉ុណ្ណោះ មិនមែនជាសន្តិភាពពេញលេញនោះទេរវាងប្រទេសទាំង ២ ។
អ្នកស្រី Jessica Genauer គឺជាអ្នកវិភាគនៅសាកលវិទ្យាល័យ New South Wales របស់អូស្រ្តាលីនិយាយថា ការប្រកាសភ្លាមៗរបស់លោក Trumpឆ្លុះបញ្ចាំងពីការទទួលស្គាល់ចំពោះការកើនឡើងសង្រ្គាមដែលមិនអាចនាំឲ្យមានការដួលរលំនៃថ្នាក់ដឹកនាំអ៊ីរ៉ង់ ដូចអ្វីដែលពួកគេធ្លាប់សង្ឃឹម ។
អ្នកស្រី Genauer បានព្រមានថា បទឈប់បាញ់នៅតែផុយស្រួយ ដោយអ្នកស្រីកត់សំគាល់ឃើញថា ទាហានសហរដ្ឋអាមេរិកបន្តដាក់ពង្រាយនៅក្នុងតំបន់ ហើយភាពខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅនៅតែមិនទាន់បានដោះស្រាយ ។
អ្នកស្រីបន្តថា វាហាក់ដូចជារង្គោះរង្គើរបន្តិច ។ អ្នកស្រីគិតថា នេះប្រហែលជានាំឲ្យមានការបញ្ឈប់អរិភាព ប៉ុន្តែមិនទំនងជានាំឲ្យមានកិច្ចព្រមព្រៀងពេញលេញនោះទេដែលរដ្ឋបាលលោក Trumpចង់បាន ហើយនិងរបបអ៊ីរ៉ង់ចង់បាន ។
សូមបញ្ជាក់ថា សង្រ្គាមដែលបច្ចុប្បន្នស្ថិតក្នុងសប្តាហ៍ទី ៦ បានឆក់យកអាយុជីវិតមនុស្សជាង ៥ពាន់នាក់ នៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះមនុស្សជាង ១.៦០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ៕