រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Minoru Kihara និយាយនៅក្នុងសន្និសីទសារព័ត៌មានថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកនៅថ្ងៃពុធនេះ ដែលបានហោះដល់រយៈកម្ពស់ ៦០គ.ម ហើយនិងហោះបានចម្ងាយជាង ៧០០គ.ម មុនពេលធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ស្ថិតក្នុងសមុទ្រជប៉ុន ។
លោក Kihara និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតត្រឹមវេលាម៉ោង ២ និង ២៣រសៀល ម៉ោងក្នុងស្រុក ថ្ងៃនេះ មីស៊ីលបាលីស្ទិកមួយគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង ឆ្ពោះទៅទិសខាងកើត ។
យោធាកូរ៉េខាងត្បូងនិយាយថា នៅព្រឹកថ្ងៃពុធនេះដែរ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយជិតមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រាប់ ចេញពីតំបន់តែមួយ ។
ស្របពេលសង្កត់ធ្ងន់ថា សកម្មភាពបែបនេះ បំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)ប្រឆាំងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងនោះ លោក Kihara បានកត់សំគាល់ឃើញថា មីស៊ីលនេះ អាចនឹងហោះក្នុងគន្លងខុសពីធម្មតា ក្នុងនោះក្រុមអាជ្ញាធរ នឹងបន្តវិភាគលើទិន្នន័យ ។
ទីក្រុងព្យុងយ៉ាង បានច្រានចោលបំរាមរបស់ UN ហើយពួកគេនិយាយថា វាបានរំលោភសិទ្ធិអធិបតេយ្យភាពរបស់ពួកគេ ក្នុងការការពារខ្លួន ។
លោក Kihara បានថ្កោលទោសការបាញ់មីស៊ីលម្តងហើយម្តងទៀតនេះ ដោយរូបលោកបញ្ជាក់ថា ការបាញ់មីស៊ីលបាលីស្ទិកម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង គំរាមកំហែងដល់សន្តិភាព និងសន្តិសុខប្រទេសរបស់ពួកយើង តំបន់ និងសគមន៍អន្តរជាតិ ហើយវាគឺជាទង្វើមួយពុំអាចទទួលយកបាននោះទេ ។
ជប៉ុនបានដាក់ការតវ៉ាដ៏ខ្លាំងក្លាប្រឆាំងនឹងកូរ៉េខាងជើង តាមរយៈបណ្តាញការទូតនៅស្ថានទូតរបស់ពួកគេ ក្នុងទីក្រុងប៉េកាំង ៕