នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា នឹងមិនមានដំណើរការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទៀតទេដោយអ៊ីរ៉ង់ ហើយប្រទេសទាំង២ នឹងធ្វើការរួមគ្នា ដើម្បី «ជីកកកាយ និងយកចេញ» សម្ភារៈនុយក្លេអ៊ែរដែលកប់យ៉ាងជ្រៅ បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។
ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសពីបទឈប់បាញ់បណ្តោះអាសន្ន ក្នុងសង្គ្រាមជាមួយសាធារណរដ្ឋឥស្លាម លោក Trump បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «សហរដ្ឋអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ដែលយើងបានកំណត់ថា បានឆ្លងកាត់នូវអ្វីដែលនឹងក្លាយជាការផ្លាស់ប្តូររបបប្រកបដោយផលិតភាពខ្ពស់!»។
លោកបានបន្ថែមថា៖ «នឹងមិនមានដំណើរការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទៀតទេ ហើយសហរដ្ឋអាមេរិកនឹងធ្វើការជាមួយអ៊ីរ៉ង់ ជីកកកាយ និងដកចេញនូវកម្ទេចនុយក្លេអ៊ែរ (ដោយសារយន្តហោះទម្លាក់គ្រាប់បែក B-2) ទាំងអស់ដែលកប់យ៉ាងជ្រៅ»។
លើសពីនោះទៀត លោក Trump បានព្រមានប្រឆាំងនឹងការផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ ដោយគំរាមកំហែងដំឡើងពន្ធ ៥០ភាគរយភ្លាមៗ លើប្រទេសណាមួយដែលធ្វើដូច្នេះ៕