បណ្តាប្រទេសជាច្រើននៅតំបន់ឈូងសមុទ្រ បានរាយការណ៍ពីការវាយប្រហារមីស៊ីល និងយានដ្រូន លើទឹកដីរបស់ពួកគេ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍ ។
នៅថ្ងៃពុធនេះ អារ៉ាប់រួម បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានចូលរួមបាញ់ទម្លាក់មីស៊ីល និងយានដ្រូនបាញ់ចេញពីអ៊ីរ៉ង់ ។
ក្រសួងការពារជាតិអារ៉ាប់រួមនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សំឡេងផ្ទុះ ត្រូវបានឮនៅតាមតំបន់ជាច្រើនទូទាំងប្រទេស បណ្តាលមកពីប្រព័ន្ធការពារដែនអាកាសបាញ់ស្កាត់មីស៊ីលបាលីស្ទិក មីស៊ីលតម្រង់គោលដៅ និងយានដ្រូន ។
គូវ៉ែត បាននិយាយផងដែរថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្កាត់រលកនៃយានដ្រូនអ៊ីរ៉ង់ដែលបានបាញ់បង្ហោះចាប់ពីវេលាម៉ោង ៨ព្រឹក ម៉ោងក្នុងស្រុករហូតមក ។
ដោយឡែក ក្រសួងមហាផ្ទៃបារ៉ែន និយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិកប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ៕