រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Akin Gurlek បាននិយាយកាលពីថ្ងៃពុធ ទី ៨ ខែមេសា ថា កងកម្លាំងសន្តិសុខរបស់ប្រទេសទួរគី បានចាប់ខ្លួនមនុស្សជិត ២០០ នាក់នៅក្នុងការបោសសម្អាតនៅទូទាំងប្រទេសមួយថ្ងៃបន្ទាប់ពីការបាញ់ប្រហារនៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

លោក Gurlek បានបង្ហោះសារនៅលើបណ្តាញ X ថា មន្ត្រីបានចាប់ខ្លួនជនសង្ស័យ១៩៨នាក់ក្នុងប្រតិបត្តិការពេលដំណាលៗគ្នានៅក្នុងខេត្តចំនួន៣៤ ប្រឆាំងនឹង «អង្គការភេរវកម្ម Daesh» ជាឈ្មោះមួយផ្សេងទៀតសម្រាប់ក្រុមរដ្ឋអ៊ីស្លាម។

យោងតាមក្រសួងយុត្តិធម៌ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានសម្លាប់និងពីរនាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារជាមួយនគរបាលកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅខាងក្រៅស្ថានកុងស៊ុល ដោយមន្ត្រីពីរនាក់បានរងរបួសស្រាល។ មនុស្ស១២នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានឃុំខ្លួនមុនការជម្រះក្តី រួមទាំងខ្មាន់កាំភ្លើងរងរបួសពីរនាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គ្មានក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពីថ្ងៃអង្គារនៅឡើយទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយទួរគីបាននិយាយថា ខ្មាន់កាំភ្លើងដែលត្រូវបានសម្លាប់គឺជាបុរសអាយុ ៣២ ឆ្នាំ មានទំនាក់ទំនងជាមួយក្រុមអាយស៊ីស។
ការបាញ់ប្រហារ បានកើតឡើងនៅក្នុងសង្កាត់ពាណិជ្ជកម្ម Levent មានទីតាំងនៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែ ពុំមានអ្នកការទូតអ៊ីស្រាអែលណាម្នាក់នៅក្នុងបេសកកម្មនោះទេនៅពេលមានការបាញ់ប្រហារ ព្រោះភាគច្រើនត្រូវបានជម្លៀសចេញចាប់តាំងពីការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាស ដែលបានបង្កឱ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា។