រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Catherine Vautrin កាលពីថ្ងៃពុធ ទី៨ ខែមេសា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ បាននិយាយថា ប្រទេសបារាំង មានផែនការបន្ថែមថវិកាចំនួន ៣៦ ពាន់លានអឺរ៉ូ (៣៩ ពាន់លានដុល្លារ) បន្ថែមទៀតទៅក្នុងការចំណាយលើវិស័យការពារជាតិរបស់ខ្លួនចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ក្រោមច្បាប់ផែនការយោធាដែលបានធ្វើបច្ចុប្បន្នភាព ដោយពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបង្កើនការស្តុកមីស៊ីល និងយានដ្រូន។

ការបង្កើននេះ ត្រូវបានស្នើឡើង ទោះបីជាមានឱនភាពថវិកាធំបំផុតមួយរបស់តំបន់ចាយប្រាក់អឺរ៉ូក៏ដោយ ដែលបានបង្ហាញពីសម្ពាធសន្តិសុខកាន់តែខ្លាំងឡើងពីសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា និងការកើនឡើងភាពមិនប្រាកដប្រជាជុំវិញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធយោធាណាតូ ក្រោមរបបប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។

លោកស្រី Vautrin បាននិយាយថា «ជម្លោះបច្ចុប្បន្ននេះ ពង្រីកពីបាតសមុទ្រទៅលំហអាកាស ហើយយើងត្រូវតែមានសមត្ថភាពក្នុងការឆ្លើយតបនៅទូទាំងដែនទាំងអស់នោះ»។
ច្បាប់ឆ្នាំ២០២៤-២០៣០ ដែលត្រូវបានកែប្រែ នឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅចុងទសវត្សរ៍នេះ ពីប្រហែល ២% នាពេលបច្ចុប្បន្ន ដោយថវិកាប្រចាំឆ្នាំនឹងឈានដល់៧៦,៣ ពាន់លានអឺរ៉ូ (៨៩,២៥ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០៣០។ លោកស្រី Vautrin ក៏បាននិយាយផងដែរថា នៅឆ្នាំ២០៣១ ប្រទេសបារាំងរំពឹងថានឹងទទួលបានការបញ្ជាទិញទាក់ទងនឹងវិស័យការពារជាតិចំនួន ២៦ ពាន់លានអឺរ៉ូ (៣០,៤១ ពាន់លានដុល្លារ)។