សេតវិមានបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី៨ ខែមេសា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងបញ្ជូនក្រុមអ្នកចរចាជាមួយអ៊ីរ៉ង់របស់លោក ដែលដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance ទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់កិច្ចចរចា ហើយការចរចាជុំទីមួយនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ខាងមុខនេះ។

ដោយមេដឹកនាំនយោបាយចាស់វស្សាជាច្រើនរូបរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម គណៈប្រតិភូអ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងដឹកនាំដោយប្រធានសភា និងអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ លោក Mohammad Baqer Qalibaf ជាមួយរដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi។

ការបញ្ជាក់ពីកិច្ចចរចានេះ បានធ្វើឡើងបន្ទាប់ពីមានភាពធូរស្រាលលើបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែក៏មានការភ្ញាក់ផ្អើលថា ការប្រយុទ្ធគ្នានៅតែផ្ទុះឡើងនៅទូទាំងតំបន់ ខណៈអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួនលើប្រទេសលីបង់ ហើយអ៊ីរ៉ង់ បានវាយប្រហារលើរោងចក្រប្រេងរបស់ប្រទេសជិតខាងនៅឈូងសមុទ្រ។ ទីផ្សារហិរញ្ញវត្ថុពិភពលោក បានកើនឡើងបន្ទាប់ពីលោក Trump បានប្រកាសពីកិច្ចព្រមព្រៀងកាលពីយប់ថ្ងៃអង្គារ រយៈពេលពីរម៉ោងមុនថ្ងៃផុតកំណត់ដែលលោកបានដាក់សម្រាប់អ៊ីរ៉ង់ ដើម្បីឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នេះត្រូវប្រឈមនឹងការបំផ្លាញ «អរិយធម៌ទាំងមូល» របស់ខ្លួន។
ប៉ុន្តែទោះបីជាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានផ្អាកការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ក៏ដោយ អ៊ីស្រាអែល បានបង្កើនសង្គ្រាមស្របគ្នាជាមួយក្រុមហេសបូឡាដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅប្រទេសលីបង់ ដោយបានចាប់ផ្តើមការវាយប្រហារខ្លាំងក្លាបំផុតរបស់ខ្លួន ខណៈផ្សែងយ៉ាងក្រាស់នៅខាងលើទីក្រុងបេរូតត្រូវបានមើលឃើញ ហើយអគារនានាបានបាក់រលំ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា បទឈប់បាញ់មិនរាប់បញ្ចូលក្រុមហេសបូឡាទេ ហើយអ៊ីស្រាអែល នឹង «បន្តវាយប្រហារក្រុមនេះ»។