ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា ទំហំនៃសការសម្លាប់មនុស្សនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់កាលពីថ្ងៃពុធ ទី៨ ខែមេសា «គួរឱ្យរន្ធត់» ដោយជំរុញឱ្យសហគមន៍អន្តរជាតិជួយបញ្ចប់ «សុបិន្តអាក្រក់» ដែលកំពុងកើតឡើង។

យោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្សជាង២៥០នាក់ ត្រូវបានសម្លាប់ និងជាង១.១៦០នាក់ទៀតបានរងរបួសនៅក្នុងប្រទេសលីបង់កាលពីថ្ងៃពុធ បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកក្នុងសង្គ្រាមបច្ចុប្បន្ន។
លោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថាចំនួនអ្នកស្លាប់ និងរបួស គួរឱ្យរន្ធត់។

ការសម្លាប់រង្គាលបែបនេះ កើតឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងបន្ទាប់ពីការព្រមព្រៀងលើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលបានបំពានទំនុកចិត្ត។ វាបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើសន្តិភាពដ៏ផុយស្រួយ ដែលជនស៊ីវិលត្រូវការ។ សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា អ្នកស្លាប់ និងរបួសយ៉ាងច្រើនត្រូវបានរាយការណ៍ ហើយមន្ទីរពេទ្យត្រូវបានគ្របដណ្ដប់ដោយអ្នករបួសច្រើន។
ក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកន្លែងកើតហេតុនៃការវាយប្រហារក្នុងទីក្រុងបេរូត បានពិពណ៌នាអំពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ ដោយសាកសពជាច្រើនស្ថិតក្នុងចំណោមគំនរបាក់បែក។ លោក Turk និយាយថា ច្បាប់មនុស្សធម៌អន្តរជាតិបានបញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល ត្រូវតែបានការពារ។