អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានព្រមានថា បទឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែ «ផុយស្រួយ» កាលពីថ្ងៃពុធ ទី៨ ខែមេសា ខណៈប្រទេសឈូងសមុទ្រជាច្រើនបានរងការវាយប្រហារថ្មីៗ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីភាគីជម្លោះបានព្រមព្រៀងលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍។

ការវាយប្រហារលើប្រទេសគូវ៉ែត និងអារ៉ាប់រួម បានកើតឡើងខណៈនាវាពីរគ្រឿង បានឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីអ៊ីរ៉ង់បានព្រមព្រៀងបើកឡើងវិញជាបណ្តោះអាសន្នផ្លូវទឹកយុទ្ធសាស្ត្រ ក្រោមការគំរាមកំហែងបំផ្លាញអ៊ីរ៉ង់ របស់ប្រធានាធិបតី លោក Donald Trump។
ភាគីទាំងពីរ បានអះអាងពីជ័យជម្នះ ប៉ុន្តែអ៊ីរ៉ង់បានព្រមានថា សង្គ្រាមនៅមិនទាន់ចប់ទេ រហូតដល់លក្ខខណ្ឌផ្លូវការត្រូវបានចរចា ដោយការចរចារវាងទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថាន។

ការទាមទាររបស់ទីក្រុងតេអេរ៉ង់ លើការគ្រប់គ្រងនាពេលអនាគតនៃច្រកសមុទ្រ Hormuz ជាច្រកសមុទ្រតូចចង្អៀតមួយដែលប្រេងមួយភាគប្រាំរបស់ពិភពលោកជាធម្មតាឆ្លងកាត់ ការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម និងទណ្ឌកម្មសេដ្ឋកិច្ច គឺស្ថិតនៅក្នុងភាពចម្រូងចម្រាស់ជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក Vance បានថ្លែងនៅទីក្រុង Budapest ប្រទេសហុងគ្រី ថាការចរចាអាចប្រែក្លាយ «បទឈប់បាញ់ដ៏ផុយស្រួយ» ទៅជាកិច្ចព្រមព្រៀងមួយ ប្រសិនបើអ៊ីរ៉ង់ «មានឆន្ទៈក្នុងការធ្វើការជាមួយយើងដោយស្មោះត្រង់»។