កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងចំនួន៩កន្លែង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានឃាត់ខ្លួនជនបរទេសបរទេសចំនួន ៣១២នាក់ និងដកហូតវត្ថុតាងដែលបម្រើឲ្យសកម្មភាពល្មើសច្បាប់ជាច្រើនផងដែរ។
ក្រុមប្រតិបត្តិការចម្រុះដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯកហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា និងឯកឧត្តម ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានបង្ក្រាបទីតាំងចំនួន៩កន្លែង ពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online Scams) ក្នុងនោះ មាន២ទីតាំង ជាកាស៊ីណូ និង៧ទីតាំងជាប្រភេទផ្ទះល្វែង។
ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញរកឃើញជនបរទេសសរុបចំនួន ៣១២នាក់ ស្រី៦១នាក់ មានចំនួន៥សញ្ជាតិ។ វត្ថុចាប់យក រួមមាន៖ កំព្យូទ័រលើតុ ALL IN ONE ចំនួន១៥០គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង, MONITOR ចំនួន១គ្រឿង; ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន៥០៥គ្រឿង, រថយន្ត ចំនួន៤គ្រឿង។
យោងតាមលទ្ធផល នៃការត្រួតពិនិត្យកំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យ រកឃើញមានសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធី ដោយមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេសដទៃទៀតលួចស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេសកម្ពុជា៕ អត្ថបទ៖ វង្ស សុភាព




