ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងយោធាជំនាញរបស់ប្រទេសនេះ បានបើកការសាកល្បងគ្រឿងសព្វាវុធរបស់ខ្លួនរយៈពេល៣ថ្ងៃជាប់គ្នាក្នុងសប្តាហ៍នេះ គ្នុងគោលបំណងធ្វើលំហាត់សមគ្រឿងយុទ្ធោបករណ៍ជាច្រើនប្រភេទ និងក្នុងគោលដៅពង្រឹងសមត្ថភាពយោធា ។

KCNA បានឱ្យដឹងថា ការសាកល្បងគ្រឿងសព្វាវុធរយៈពេល៣ថ្ងៃនេះ គឺផ្តោតទៅលើការសាកល្បងគ្រឿងសព្វាវុធជាច្រើនប្រភេទ ដែលក្នុងនោះ មានការបាញ់សាកល្បងមីស៊ីលបាលីស្ទិក ការសាកល្បងគ្រាប់បែកចង្កោម និងការសាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយខ្លី ដែលអាចចល័តបានពីទីតាំងមួយទៅទីតាំងមួយទៀត ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េខាងជើង KCNA បានបញ្ជាក់ថា ការសាកល្បងគ្រឿងយុទ្ធោបករណ៍ជាច្រើនប្រភេទរបស់ប្រទេសនេះ ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃចន្ទ អង្គារ និងថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ ដែលជាផ្នែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រព័ន្ធការពារជាតិរបស់ខ្លួន ។

ប្រភពពីយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់នៅជុំទីពីរ កាលពីថ្ងៃពុធ ហើយមីស៊ីលទាំងនោះបានហោះហើរក្នុងរយៈចម្ងាយប្រមាណជាង៧០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់តំបន់ដែនទឹកក្នុងសមុទ្រភាគខាងកើត ដែលគេស្គាល់ថា ជាដែនសមុទ្រជប៉ុន រួមទាំងបាញ់គ្រាប់កាំភ្លើងផ្លោងមិនស្គាល់ប្រភេទជាច្រើនគ្រាប់ទៀត ៕