រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយការិយាល័យរបស់លោកកាលពីថ្ងៃពុធ ទី៨ ខែមេសា ថា យោធាអ៊ីស្រាអែល បានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហេសបូឡារាប់រយនាក់ នៅក្នុងការវាយប្រហារ។
លោកបានពិពណ៌នាថា វាជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតចំពោះក្រុមគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែលក្នុងខែកញ្ញា ឆ្នាំ២០២៤ ដែលបណ្តាឲ្យឧបករណ៍បញ្ជូនសាររបស់ក្រុមហេសបូឡារាប់ពាន់គ្រឿងផ្ទុះ។

លោក Katz ក៏បាននិយាយផងដែរថា អ៊ីស្រាអែលបានទទូចឱ្យបំបែកសង្គ្រាមជាមួយអ៊ីរ៉ង់ចេញពីការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ ដើម្បី «ផ្លាស់ប្តូរការពិតនៅក្នុងប្រទេសលីបង់» និងដើម្បីលុបបំបាត់ការគំរាមកំហែងដល់ភាគខាងជើងប្រទេសអ៊ីស្រាអែល ជាការនិយាយយោងជាក់ស្តែងទៅលើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលអ្នកសម្របសម្រួលប៉ាគីស្ថានបាននិយាយថា រួមបញ្ចូលប្រទេសលីបង់ ប៉ុន្តែអ៊ីស្រាអែលបាននិយាយថា មិនរួមបញ្ចូលនោះទេ។
លោក Katz និយាយថា «វេន» របស់អគ្គលេខាធិការក្រុមហេសបូឡា លោក Naim Qassem នឹងដល់ពេលហើយ។ អ៊ីស្រាអែល បានសម្លាប់អ្នកកាន់តំណែងមុនរបស់លោក Qassem គឺលោក Hassan Nasrallah ក្នុងការធ្វើឃាតកំណត់គោលដៅកាលពីខែកញ្ញា ឆ្នាំ២០២៤។
