សាជីវកម្មប្រេងជាតិលីប៊ី (NOC) កាលពីថ្ងៃពុធ បានប្រកាសពីការរកឃើញទីតាំងប្រេង និងឧស្ម័នថ្មីមួយកន្លែងនៅអាង Ghadames ភាគនិរតីប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍ សាជីវកម្មប្រេងជាតិប្រទេសលីប៊ី (NOC) បាននិយាយថា ប្រតិបត្តិការខួងយកប្រេងបានឈានដល់ជម្រៅចុងក្រោយ ៨.៤៤០ហ្វីត ជាមួយនឹងអត្រាផលិតកម្មដែលត្រូវបានប៉ាន់ស្មានមានប្រហែល១៣លានហ្វីតគូបនៃឧស្ម័នក្នុងមួយថ្ងៃ។

អាងប្រេង Ghadames មានទីតាំងស្ថិតនៅក្នុងតំបន់ព្រំដែនដែលបែងចែកដោយប្រទេសលីប៊ី អាល់ហ្សេរី និងប្រទេសទុយនីស៊ី មានចម្ងាយប្រហែល៦០០ ទៅ៦២០ គីឡូម៉ែត្រភាគនិរតីទីក្រុង Tripoli។
វាត្រូវបានចាត់ទុកថាជា អាងអ៊ីដ្រូកាបូនដ៏សំខាន់បំផុតមួយនៅអាហ្វ្រិកខាងជើង ដោយសារតែប្រេងនិងឧស្ម័នបម្រុងដ៏ច្រើនរបស់វា។
ការនាំចេញប្រេង និងឧស្ម័ន គឺជាប្រភពចំណូលសំខាន់របស់ប្រទេសលីប៊ី ប៉ុន្តែការផលិតត្រូវបានរំខានម្តងហើយម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែជម្លោះ និងអស្ថិរភាពនយោបាយ។
