ក្រុមហេសបូឡានៅប្រទេសលីបង់ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់រ៉ូកែតទៅលើភាគខាងជើងប្រទេសអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹង «ការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់»។
ក្រុមនេះ បាននិយាយថាខ្លួនបានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ប៉ុន្តែភាគីអ៊ីស្រាអែល មិនបានធ្វើដូច្នេះទេ។ ការឆ្លើយតបនឹងបន្តរហូតដល់ «ការឈ្លានពានប្រឆាំងទៅលើប្រទេស និងប្រជាជនរបស់យើង ត្រូវបានបញ្ឈប់» ។
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃពុធបានចាប់ផ្តើមអ្វីដែលខ្លួនហៅថាជា «ការវាយប្រហារសម្របសម្រួលធំបំផុតនៅទូទាំងប្រទេសលីបង់» ចាប់តាំងពីការចាប់ផ្តើម «ប្រតិបត្តិការតោគ្រហឹម» ជាឈ្មោះរបស់អ៊ីស្រាអែល សម្រាប់សកម្មភាពយោធារបស់ខ្លួនប្រឆាំងប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅលើមជ្ឈមណ្ឌលទីបញ្ជាការ និងទីតាំងយោធារបស់ក្រុមហេសបូឡាជាង១០០កន្លែង។

