នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានសាកល្បងក្បាលគ្រាប់មានគ្រាប់បែកចង្កោមថ្មី នៅក្នុងមីស៊ីលបាលីស្ទិក និងអាវុធអេឡិចត្រូម៉ាញ៉េទិច នៅសប្តាហ៍នេះ ជាការវិវត្តមួយដែលត្រូវបានគេមើលឃើញថា ជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមសម័យទំនើប។
សារព័ត៌មាន KCNA បានឲ្យដឹងថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ និងរដ្ឋបាលមីស៊ីលរបស់ប្រទេស បានសាកល្បងគ្រាប់បែកសរសៃកាបូន (កាបូនហ្វាយប៊័រ) និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្ងាយខ្លីចល័ត។ បើយោងតាមការរាយការណ៍របស់សារព័ត៌មាន KCNA បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Kim Jong Sik ដែលបានត្រួតពិនិត្យការធ្វើតេស្តនេះ បាននិយាយថា ប្រព័ន្ធអាវុធអេឡិចត្រូម៉ាញ៉េទិច និងគ្រាប់បែកសរសៃកាបូននេះ គឺជា «ធនធានពិសេស» សម្រាប់យោធាកូរ៉េខាងជើង។

កាលពីថ្ងៃទី៨ ខែមេសា នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលជាច្រើនគ្រាប់ ក្នុងរយៈពេលជាច្រើនថ្ងៃ។ ហើយអ្នកវិភាគក៏យល់ឃើញថា ការធ្វើតេស្តនេះទំនងជាការសម្ញែងកម្លាំង នៅក្នុងប្រព័ន្ធសព្វាវុធធម្មតាទំនើបៗដោយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ទៅកាន់សត្រូវ និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ដោយមិនបានបញ្ជាក់ពីចំនួនមីស៊ីលបាលីស្ទិកដែលត្រូវបានបាញ់បង្ហោះ ជាការធ្វើដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានសាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្ងាយខ្លីចល័តរបស់ខ្លួន ក៏ដូចជាសមត្ថភាពប្រយុទ្ធនៃក្បាលគ្រាប់មីស៊ីលបាលីស្ទិកយុទ្ធសាស្ត្ររបស់ខ្លួន៕

