ខណៈពេលដែលបេសកកម្មបំបែកកំណត់ត្រា Artemis របស់អង្គការណាសា (NASA) ជំរុញផ្លូវរបស់សហរដ្ឋអាមេរិកត្រឡប់ទៅឋានព្រះចន្ទវិញ ការប៉ុនប៉ងរបស់ប្រទេសចិន ក្នុងការចុះចតអវកាសយានិក នៅទីនោះ ក្នុងឆ្នាំ២០៣០ កំពុងមានសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងៗ និងនាំឲ្យទីក្រុងប៉េកាំងកាន់តែមានសម្ពាធ ក្នុងការបំពេញ ឬសម្រេចឲ្យលឿនជាងកាលវិភាគរបស់ខ្លួន។
អវកាសយានិកអាមេរិកចំនួន ៤នាក់ នៅក្នុងបេសកកម្ម Artemis II ក្នុងសប្តាហ៍នេះ បានហោះកាត់ផ្នែកពីខាងក្រោយ ឬផ្នែកងងឹត (Far Side) របស់ឋានព្រះចន្ទ ដោយធ្វើដំណើរកាន់តែជ្រៅទៅក្នុងលំហអាកាសជាងអ្វីដែលមនុស្សណាម្នាក់ធ្លាប់បានធ្វើមុនពួកគេ និងរៀបចំដំណាក់កាល សម្រាប់បេសកកម្ម Artemis IV ដើម្បីចុះចតនៅលើឋានព្រះចន្ទ នាឆ្នាំ២០២៨។

ការវិលត្រឡប់របស់សហរដ្ឋអាមេរិកដែលបានគ្រោងទុកក្រោយជាងកន្លះសតវត្សន៍ កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងប្រទេសចិន ដែលកំពុងអភិវឌ្ឍស្ថាបត្យកម្មពេញលេញ សម្រាប់ការចុះចតដោយមនុស្សលើកដំបូងរបស់ខ្លួន នៅលើឋានព្រះចន្ទ ចាប់ពីរ៉ូកែត Long March-10 រហូតដល់យានអវកាស Mengzhou និងយានចុះចតលើឋានព្រះចន្ទ Lanyue។
ទីក្រុងប៉េកាំងបានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានក្លាយជាប្រទេសដំបូងគេដែលបានទៅយកគំរូដោយមនុស្សយន្ត ទាំងពីផ្នែកភ្លឺ និងភ្នែកងងឺត (Near and Far Sides) របស់ឋានព្រះច័ន្ទ ហើយកម្មវិធីហោះហើរអវកាសមានមនុស្សរបស់ខ្លួន បានក្លាយជាជំនាញក្នុងប្រតិបត្តិការស្ថានីយ៍អវកាស និងដោះស្រាយគ្រាអាសន្ននៅក្នុងគន្លងតារាវិថី។
ទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង ក៏កំពុងប្រកួតប្រជែងគ្នាផងដែរ ក្នុងកិច្ចប្រឹងប្រែងកសាងស្ថាប័ន ជាការរៀបចំ សម្រាប់អនាគតនៅពេលដែលមនុស្សមានវត្តមានអចិន្ត្រៃយ៍ នៅលើឋានព្រះចន្ទ ដោយកិច្ចព្រមព្រៀងបេសកកម្ម Artemis ដឹកនាំដោយសហរដ្ឋអាមេរិក ស្តីពីការរុករកឋានព្រះចន្ទ បានប្រកួតប្រជែងជាមួយស្ថានីយ៍ស្រាវជ្រាវឋានព្រះចន្ទអន្តរជាតិ (ILRS) ដឹកនាំដោយចិន និងរុស្ស៊ី៕

