នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយជាមួយអវកាសយានិក នៅក្នុងបេសកកម្ម Artemis II កាលពីថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) ដោយអបអរសាទរជនជាតិកាណាដាដំបូងគេដែលបានហោះហើរ ជុំវិញឋានព្រះចន្ទ និងបង្កើតបានជាពេលវេលាដ៏ល្អប្រសើរ នៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកាណាដា ដែលមានភាពតានតឹង ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
វរសេនីយ៍ឯកកងទ័ពអាកាសកាណាដា លោក Jeremy Hansen វ័យ ៥០ឆ្នាំ គឺជាពលរដ្ឋមិនមែនអាមេរិកដំបូងគេដែលបានហោះហើរក្នុងបេសកកម្ម នៅឋានព្រះចន្ទ។ លោកកំពុងចូលរួមជាមួយអវកាសយានិកអាមេរិក ៣នាក់ នៅក្នុងបេសកកម្ម Artemis II របស់អង្គការ NASA ដែលជាការហោះហើរជុំវិញឋានព្រះចន្ទ និងជាជំហានសំខាន់មួយ នៅក្នុងកម្មវិធី ដែលមានគោលបំណងនាំអវកាសយានិកត្រឡប់ទៅកាន់ផ្ទៃឋានព្រះចន្ទវិញ នៅឆ្នាំ២០២៨ មុនប្រទេសចិន។

បេសកកម្មរយៈពេល ១០ថ្ងៃនេះ គ្រោងនឹងបញ្ចប់ដោយការចុះមកភពផែនដីវិញរបស់យានអវកាស នៅជិតទីក្រុង San Diego នាថ្ងៃសុក្រ។
លោក Carney បានប្រាប់លោក Hansen ថា៖ «ពលរដ្ឋកាណាដាមានមោទនភាពចំពោះអ្នកខ្លាំងណាស់ ទាំងបេសកកម្មនេះ និងកិច្ចសហការរបស់យើងជាមួយសហរដ្ឋអាមេរិក»។
លោក Hansen ដែលបានសន្យាថា នឹងនាំយកទង់ជាតិកាណាដាជាប់តាមខ្លួនលោក ប្រគល់ឲ្យលោក Carney ត្រូវបានជ្រើសរើស សម្រាប់ក្រុមអវកាសយានិករបស់ប្រទេសកាណាដា ក្នុងឆ្នាំ២០០៩ ហើយតួនាទីរបស់លោកនៅក្នុងបេសកកម្ម Artemis II ឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែង រវាងសហរដ្ឋអាមេរិក និងកាណាដា ក្នុងការហោះហើរមានអវកាសយានិក៕

