ប្រដាល់៖ អ្នកលេងគុនខ្មែរ និងឃីកប៊ុកស៊ីង ១០រូបនឹងត្រូវតតាំងជាមួយកីឡាករ-កីឡាការិនីចិន ១០រូបនៅក្នុងព្រឹត្តិការណ៍ “ស្ដេចប្រដាល់អង្គរ ឬ Angkor King Fight” នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះទទួលបានការអនុញ្ញាតឲ្យរៀបចំពីរាជរដ្ឋាភិបាលកម្ពុជា នឹងមានការគាំទ្រពេញទំហឹងពីស្ថាប័នជាតិ និងអន្តរជាតិដែលរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងស្វែងរកការគាំទ្រជាអន្តរជាតិ សម្រាប់កីឡាអត្តសញ្ញាណជាតិគឺគុនខ្មែរ និងយុទ្ធគុនចម្រុះរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះ។ ឯកឧត្ដមបានចាត់ទុកកម្មវិធី “ស្ដេចប្រដាល់អង្គរ” គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ស្របពេលកម្ពុជានឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាបចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា។ ដូច្នេះនេះគឺជាវេទិកាមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍បណ្ដាប្រទេសអាស៊ាន ដែលនឹងចូលរួមប្រជុំដើម្បីជួយគាំទ្រក្បាច់គុនបុរាណខ្មែរ ហើយបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជានាឆ្នាំ២០២៣។ តាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការមួយគឺយុទ្ធនាការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិ។
តាមរយៈចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺរាជរដ្ឋាភិបាល បានជំរុញការផ្សព្វផ្សាយនេះមិនមែនត្រឹមតែឆ្នាំ២០២២ ទេ គឺធ្វើការផ្សព្វផ្សាយរហូតឲ្យគុនខ្មែរល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេស។ ដូច្នេះនៅល្ងាចថ្ងៃទី១០-មេសា សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងធ្វើការប្រកាសយុទ្ធនាការនេះជាផ្លូវការក្នុងព្រឹត្តិការណ៍ “ស្ដេចប្រដាល់អង្គរ” នេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន។ លោក មៀម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ និងជាគណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យលើកដំបូងនេះគឺមាន ១០គូដែលសម្រិតសម្រាំងសុទ្ធតែកីឡាករ-កីឡាការិនីជើងខ្លាំងលំដាប់ប្រទេសចូលរួមប្រកួត។ លោកបានចាត់ទុកនេះគឺជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជា ធ្វើការវាស់ស្ទង់ និងពង្រឹងសមត្ថភាព ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាខែឧសភាខាងមុខ។ ទន្ទឹមជាមួយគ្នាលោក Chen Yahong នាយកក្លិប Loonghai Fight Club នៃប្រទេសចិន បានបង្ហាញនូវមោទនភាពក្រៃលែង ដែលក្លិបរបស់ខ្លួន បានរួមចំណែកសហការរៀបចំកម្មវិធីនេះឡើង ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ពិសេសរួមចំណែកគាំទ្រដល់ក្បាច់គុណបុរាណខ្មែរនេះ។ លោករំពឹងថា ក្រោយចប់ព្រឹត្តិការណ៍នេះ នឹងមានមនុស្សជាច្រើនបានស្គាល់ពីវប្បធម៌ក្បាច់គុនបុរាណខ្មែរ ហើយធ្វើឲ្យគុនខ្មែរកាន់តែល្បីល្បាញខ្លាំងទាំងក្នុងប្រទេសចិន និងពិភពលោកផងដែរ។
សូមបញ្ជាក់ថា សម្រាប់បេក្ខភាពកីឡាករ-កីឡាការិនី និងកម្មវិធីប្រកួតនៃព្រឹត្តិការណ៍ Angkor King Fight លើកទី១ នេះរួមមានកីឡាករ វ៉ាន វឿន ត្រូវជួបកីឡាករចិន Sei Zi Qin និងកីឡាករ ឈុត សេរីវ៉ាន់ថង ត្រូវជួបកីឡាករ Su Ke Xin លើវិញ្ញាសាគុនខ្មែរដូចគ្នា។ រីឯ ៨គូផ្សេងទៀតត្រូវប្រកួតលក្ខណៈឃីកប៊ុកស៊ីង រួមមានកីឡាការិនី នៅ ស្រីពៅ ជួបកីឡាការិនី Li Li Shan, កីឡាកករ ឡុង ប៊ុនលឿន ជួបកីឡាករ Gao Xi Feng, កីឡាករ សុទ្ធ វាសនា ជួបកីលាករ Yang Hua, កីឡាករ ឡៅ ចិត្រា ជួបកីឡាករ Wei Wei Yang, កីឡាករ ឡៅ ចិទ្រា ជួបកីឡាករ Luo Chao, កីឡាករ ឈឿង ឡាវី ជួបកីឡាករ Han Wen Bao, កីឡាករ ព្រំ សំណាង ជួបកីឡាករ Wang Ao Gang និងកីឡាករ ផល សោភ័ណ្ឌ ជួបជើងខ្លាំងចិន Wei Rui ក្នុងនាមគូឯកប្រចាំព្រឹត្តិការណ៍នេះ៕
អត្ថបទ៖ លី ឈុនឡា