ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) កាលពីថ្ងៃពុធ បានព្រមានអំពីការគំរាមកំហែងចេញពី «ការបង្កហេតុ និងការបំផ្លិចបំផ្លាញដែលអាចកើតមាន» ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។


នៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយស្វាគមន៍កិច្ចព្រមព្រៀងនាទីចុងក្រោយ លោក អឺដូហ្កាន់ បាននិយាយថា «យើងសង្ឃឹមថា បទឈប់បាញ់នេះ នឹងត្រូវបានអនុវត្តយ៉ាងពេញលេញជាក់ ស្តែង ដោយមិនផ្តល់ឱកាសណាមួយសម្រាប់ការបង្កហេតុ និងការបំផ្លិចបំផ្លាញដែលអាចកើតមានទេ»។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) លោក អឺដូហ្កាន់ (Erdogan) បានជំរុញឲ្យមាន «កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង» ជាមួយអ៊ីរ៉ង់។
លោក អឺដូហ្កាន់ បានប្រាប់លោក ត្រាំ ថា ៖«ឱកាសរយៈពេលពីរសប្តាហ៍នេះ ដែលបានបើកឡើង បន្ទាប់ពី ៤០ថ្ងៃនៃភាពតានតឹង និងទុក្ខវេទនាយ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូល ត្រូវតែប្រើប្រាស់ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង»។
លោកក៏បានអំពាវនាវឲ្យ«ដំណើរការនេះមិនត្រូវបានសម្របសម្រួលក្នុងកាលៈទេសៈណាក៏ដោយ» ហើយបាននិយាយថា ទួរគីនឹងផ្តល់ការគាំទ្រពេញលេញរបស់ខ្លួន ដើម្បីធានាបាននូវអ្វីៗគ្រប់យ៉ាង៕
