រដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីសម្របសម្រួលការចរចាថា អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានព្រមព្រៀងគ្នា មិនធ្វើឲ្យជម្លោះរបស់ពួកគេកាន់តែធ្ងន់ធ្ងរឡើង និង «ស្វែងរកដំណោះស្រាយដ៏ទូលំទូលាយ» បន្ទាប់ពីការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនអស់រយៈពេលជាច្រើន សប្តាហ៍ ដែលបានសម្លាប់មនុស្សរាប់រយនាក់។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា ភាគីទាំងអស់ ក៏បានយល់ព្រមរក្សាការសន្ទនា បន្ទាប់ពីការចរចាសន្តិភាពរយៈពេល ៧ថ្ងៃ ដែលសម្របសម្រួលដោយប្រទេសចិន នៅទីក្រុង Urumqi ភាគខាងលិចប្រទេសចិន ក្រោមការសម្របសម្រួលរបស់ប្រទេសនេះ។

លោកស្រី ម៉ៅ បានថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំងថា៖«ភាគីទាំងបី បានព្រមព្រៀងគ្នាស្វែងរកដំណោះស្រាយដ៏ទូលំទូលាយមួយចំពោះបញ្ហានានា ក្នុងទំនាក់ទំនងរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ហើយបានបញ្ជាក់ឲ្យច្បាស់អំពីបញ្ហាសំខាន់ៗ និងអាទិភាពដែលត្រូវដោះស្រាយ»។
លោកស្រីបាននិយាយថា ពួកគេបានទទួលស្គាល់ថា៖«អំពើភេរវកម្មគឺជាបញ្ហាស្នូល ដែលប៉ះពាល់ដល់ទំនាក់ទំនងនេះ»។
អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បាននិយាយថា ពួកគេ នឹងមិន «ចាត់វិធានការដែលនឹងធ្វើឲ្យស្ថានការណ៍នេះ កាន់តែធ្ងន់ធ្ងរ ឬស្មុកស្មាញ» ឡើយ៕
