ប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ដោយនិយាយថា ការវាយប្រហារទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីបញ្ឈប់ការកើនឡើងភាពតានតឹងនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ត្រូវបានធ្វើឡើង ស្របពេលមានការឈប់បាញ់រយៈពេលពីរ សប្តាហ៍ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីជម្លោះក្នុងតំបន់ជាច្រើនសប្តាហ៍។ ខណៈពេលដែលប៉ាគីស្ថាន និងអ៊ីរ៉ង់ បានលើកឡើងថា បទឈប់បាញ់នេះ គួរតែពង្រីកនៅទូទាំងតំបន់ រួមបញ្ចូល លីបង់ផងដែរនោះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិយាយថា បទឈប់បាញ់មិនគ្របដណ្តប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីនោះទេ ដោយការវាយប្រហារ នៅតែបន្ត ទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប៉ាគីស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់អ៊ីស្រាអែលដែលកំពុងបន្តប្រឆាំងនឹងប្រទេសលីបង់ ដែលបណ្តាលឲ្យ បាត់បង់ជីវិតមនុស្សស្លូតត្រង់ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ»។
ក្រសួងបានបន្តថា សកម្មភាពរបស់អ៊ីស្រាអែល «បំផ្លាញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់» និងជា «ការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន»។
ប៉ាគីស្ថានបានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការ «បន្ទាន់ និងជាក់ស្តែង» ដើម្បីបញ្ចប់ការវាយប្រហារនេះ៕
