នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានធ្វើដំណើរទៅដល់ទីក្រុង Abu Dhabi របស់ប្រទេសអារ៉ាប់រួម ដែលជាផ្នែកមួយនៃការបំពេញដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ឈូងសមុទ្រ។
ថ្លែងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឈូងសមុទ្រកាលពីថ្ងៃពុធ លោក Starmerនិយាយថា នៅមានការងារច្រើនត្រូវធ្វើ ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz បន្ទាប់ពីមានបទឈប់បាញ់រយៈពេល ២សប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
លោក Starmer នឹងមានជំនួបជាមួយក្រុមមេដឹកនាំក្នុងតំបន់ អំឡុងដំណើរទស្សនកិច្ចរបស់លោកដែលត្រូវបានរៀបចំឡើង តាំងពីមុនបទឈប់បាញ់ត្រូវបានប្រកាសមកម្ល៉េះ ។
លោក Starmer ដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ការមិនព្រមគាំទ្រសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នោះ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពហុជាតិ ស្តីពីវិធីសាស្រ្តដែលប្រទេសសម្ព័ន្ធមិត្តអាចគាំទ្រការបើកឡើងវិញច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រយុទ្ធសាស្រ្តដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នសកល ៕

