នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់ជំនួយការជាន់ខ្ពស់ម្នាក់របស់មេដឹកនាំរបស់ក្រុមហេសបូឡា គឺលោក Naim Qassem អំឡុងការវាយប្រហារមួយ នៅរដ្ឋធានីបេរូត កាលពីយប់ថ្ងៃពុធ។

សេចក្តីថ្លែងការណ៍យោធា បានឲ្យដឹងថា កងទ័ពបាន «កម្ចាត់លោក Ali Yusuf Harshi ដែលជាលេខាផ្ទាល់ខ្លួន និងជាក្មួយប្រុសរបស់អគ្គលេខាធិការរបស់ក្រុមហេសបូឡា គឺលោក Naim Qassem«។ យោធាបានពិពណ៌នាពីលោក Harshi ថា ជា «សហការី និងជាទីប្រឹក្សាដ៏ជិតស្និទ្ធ» របស់លោក Qassem ដោយបញ្ជាក់ថា រូបគេបានដើរតួនាទីសំខាន់ ក្នុងការគ្រប់គ្រង និងធានាសុវត្ថិភាពការិយាល័យរបស់លោក»។
មិនមានការបញ្ជាក់ណាមួយនៅឡើយទេពីក្រុមហេសបូឡា ទាក់ទងនឹងការអះអាងនេះ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ បានឲ្យដឹងថា កាលពីយប់ថ្ងៃពុធ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ Lailaki-Kafaat នៅភាគខាងត្បូងនៃទីក្រុងបេរូត ដោយមានសំឡេងផ្ទុះជាច្រើនត្រូវបានឮ នៅទូទាំងរដ្ឋធានី។
ហើយបើយោងតាមស្ថាប័នការពារស៊ីវិលលីបង់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៥៤នាក់ ត្រូវបានសម្លាប់ ហើយ ១.១៦៥នាក់ផ្សេងទៀតរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងប្រទេសលីបង់ ក្នុងនោះរួមទាំងទីក្រុងបេរូតផងដែរ៕
