អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានចោទរុស្ស៊ីពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសរបស់លោក ខណៈបណ្ដាមេដឹកនាំលោកខាងលិចថ្កោលទោសរូបភាពនៃការស្លាប់ជនស៊ីវិលអ៊ុយក្រែន នៅក្នុងទីក្រុងមួយដែលត្រូវបានបោះបង់ចោលដោយកងកម្លាំងរុស្ស៊ីនៅខាងក្រៅរដ្ឋធានីគីវ។

លោក Zelenskyy បានប្រាប់កម្មវិធីព័ត៌មាន “Face the Nation” របស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យដោយនិយាយតាមរយៈអ្នកបកប្រែថា ពិតណាស់នេះជាអំពើប្រល័យពូជសាសន៍ នេះជាការលុបបំបាត់ជាតិ និងប្រជាជនទាំងមូល។ យើងជាពលរដ្ឋអ៊ុយក្រែន ហើយយើងមិនចង់ចុះចាញ់នឹងគោលនយោបាយរបស់សហព័ន្ធរុស្ស៊ីទេ។ នេះហើយជាមូលហេតុដែលយើងត្រូវបានបំផ្លាញចោល។
ការអត្ថាធិប្បាយរបស់លោក Zelenskyy បានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានចូលទៅក្នុងទីក្រុង Bucha ក្បែររដ្ឋធានី Kyiv ហើយបានរកឃើញអ្វីដែលមន្ត្រី និងសាក្សីបាននិយាយថា ជាសាកសពជនស៊ីវិលដែលត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី។ កងទ័ពអ៊ុយក្រែនបានចូលរុលទៅមុខបន្ថែមទៀត ទៅកាន់ភាគខាងជើងពីរដ្ឋធានីគីវកាលពីថ្ងៃសៅរ៍ ដោយបានគ្រប់គ្រងតំបន់នានាឡើងវិញនៅក្នុងទីក្រុង Bucha បន្ទាប់ពីដណ្ដើមបានមកវិញពីដៃកងកម្លាំងរុស្ស៊ី៕
អត្ថបទ៖ សុខមាន