ប្រទេសចិន បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបអ៊ីនធឺណិតក្រុមថ្មីទៅក្នុងគន្លងតារាវិថីរយៈកម្ពស់ទាប នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ ជាជំហានមួយទៀតនៅក្នុងកម្មវិធីអវកាសដែលកំពុងត្រូវបានពង្រីករបស់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

យោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងថា ផ្កាយរណបទាំងនោះត្រូវបានបញ្ជូនទៅកាន់លំហអាកាសនៅព្រឹកព្រលឹម ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan Satellite Launch Center នៅភាគខាងជើងខេត្ត Shanxi។
មន្ត្រីបានបញ្ជាក់ថា ក្រុមផ្កាយរណបនេះ ដែលត្រូវបានកំណត់ថា ជាផ្កាយរណបអ៊ីនធឺណិតរយៈកម្ពស់ទាបក្រុមទី២១ បានចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ តាមការគ្រោងទុក។
គួរបញ្ជាក់ថា បេសកកម្មនេះក៏បានកំណត់ជាព្រឹត្តិការណ៍សំខាន់មួយផងដែរ សម្រាប់កិច្ចប្រឹងប្រែងអវកាសរបស់ប្រទេសចិន ដោយក្លាយជាការហោះហើរលើកទី៦៣៧ របស់រ៉ូកែតស៊េរី Long March ដែលបន្តដើរតួនាទីយ៉ាងសំខាន់ នៅក្នុងមហិច្ឆតាដែលកំពុងកើនឡើងរបស់ប្រទេសនេះ ទាំងក្នុងផ្នែកបច្ចេកវិទ្យាអវកាស និងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងសកល៕
