រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Rakan Nassereddine បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីក្រុងបេរូត និងតំបន់ផ្សេងទៀត នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ បានកើនឡើងដល់ជាង ២០០នាក់ហើយ ខណៈជាង ១.០០០នាក់រងរបួស។

មុនពេលចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Nassereddine បាននិយាយថា៖ «ចំនួនអ្នកស្លាប់មានយ៉ាងតិចចំនួន ២០៣នាក់ ហើយជាង ១.០០០នាក់រងរបួស អំឡុងការឈ្លានពានប្រឆាំងនឹងប្រទេសលីបង់ កាលពីថ្ងៃពុធ»។
ក្រសួងបានរាយការណ៍នៅមុននេះថា មានមនុស្សស្លាប់ ១៨២នាក់ និង ៨៩០នាក់រងរបួស ដោយសារការវាយប្រហារកាលពីថ្ងៃពុធ។
ដោយឡែក កងទ័ពលីបង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា កងទ័ពចំនួន ៤នាក់ត្រូវបានសម្លាប់ កាលពីម្សិលមិញ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ដែលផ្តោតលើតំបន់ផ្សេងៗគ្នា។
យោធាអ៊ីស្រាអែលបានពិពណ៌នាអំពីប្រតិបត្តិការកាលពីថ្ងៃពុធថា ជាការវាយប្រហាររួមគ្នាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចុងក្រោយ កាលពីថ្ងៃទី២ ខែមីនា ដោយអះអាងថា ខ្លួនបានកំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជាការ និងទីតាំងយោធារបស់ក្រុមហេសបូឡា ជាង ១០០កន្លែង៕


