ប្រភពព័ត៌មានពីគ្រូពេទ្យ និងសកម្មជនក្នុងស្រុក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយយានដ្រូនលើទីក្រុង Kutum ដែលគ្រប់គ្រងដោយកងកម្លាំងប៉ារ៉ាយោធា ក្នុងរដ្ឋ Darfur ខាងជើង ប្រទេសស៊ូដង់ បានសម្លាប់ជនស៊ីវិល ១២នាក់ ក្នុងនោះមានកុមារ ៦នាក់។

ប្រភពព័ត៌មានពីគ្រូពេទ្យ បានប្រាប់សារព័ត៌មាន AFP ថា អ្នកដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុងនោះ រួមមានអ្នកស្លាប់ ១២នាក់ ក្នុងនោះមានកុមារ ៦នាក់ រួមទាំងសិស្សវិទ្យាល័យ ៣នាក់ ផង ដែរ។ មនុស្ស ១៦នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមានស្ត្រី និងកុមារ ហើយកំពុងទទួលការព្យាបាល។
គណៈកម្មាធិការតស៊ូ El-Fasher ដែលជាក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ការវាយប្រហារកាលពីថ្ងៃពុធ បានត្រូវចំសង្កាត់ Al-Salama ជិតសាលារៀន Um Girls ដោយស្តីបន្ទោសកងទ័ពស៊ូដង់ ដែលបានធ្វើសង្គ្រាមជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣៕
