រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចក្រភពអង់គ្លេស ចង់ឃើញប្រទេសលីបង់ ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់នៅមជ្ឈិមបូព៌ា ខណៈដែលលោកនាយករដ្ឋមន្ត្រី Keir Starmer បានមកដល់អេមីរ៉ាតអារ៉ាប់រួម (UAE)។
លោកស្រី Yvette Cooper បានប្រាប់សារព័ត៌មាន Sky News ថា៖«យើងពិតជាចង់ឃើញបទឈប់បាញ់ត្រូវបានពង្រីកដល់ប្រទេសលីបង់។ ខ្ញុំពិតជាព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារកាន់តែខ្លាំងឡើងដែលយើងបានឃើញពីអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់កាលពីថ្ងៃពុធ»។

លោកស្រីបាននិយាយថា៖«យើងបានឃើញផលវិបាកមនុស្សធម៌ ការផ្លាស់ទីលំនៅយ៉ាងច្រើនរបស់ប្រជាជន នៅក្នុងប្រទេសលីបង់។ ដូច្នេះយើងពិតជាចង់ឃើញបទឈប់បាញ់ ត្រូវបានពង្រីកដល់ប្រទេសនេះ»។
ការអត្ថាធិប្បាយរបស់លោកស្រី Cooper បានធ្វើឡើង នៅពេលដែលលោក Starmer បានមកដល់អារ៉ាប់រួម ក្នុងដំណើរទស្សនកិច្ចលើកទី២របស់លោក ទៅកាន់ឈូងសមុទ្រ ដើម្បីជួបជាមួយមេដឹកនាំតំបន់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញបទឈប់បាញ់នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។
លោក Starmer កាលពីថ្ងៃពុធ បានជួបជាមួយមេដឹកនាំពិតប្រាកដរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman នៅទីក្រុង Jeddah៕
