អ្នកវិភាគមួយរូបនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង ត្រូវរៀនសូត្រពីជម្លោះដូចជានៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា ក្នុងការផលិតប្រព័ន្ធអាវុធទំនើបៗរបស់ខ្លួន ។
លោក Shin Jong-woo គឺជាអគ្គរដ្ឋលេខាធិការនៅវេទិកាសន្តិសុខ និងការពារជាតិកូរ៉េ និយាយថា កូរ៉េខាងជើងកំពុងផលិតអាវុធជាច្រើនប្រភេទ ដើម្បីបញ្ជូនសារទៅកាន់ពិភពខាងក្រៅ ។ ពួកយើងមានប្រព័ន្ធអាវុធបែបហ្នឹងផងដែរ សូមកុំវាយប្រហារពួកយើងដោយធ្វេសប្រហែសដូចវាយប្រហារអ៊ីរ៉ង់ ។
លោកបន្តថា វាសំខាន់ខ្លាំងណាស់ ក្នុងការផលិតអាវុធទ្រង់ទ្រាយធំ ហើយនិងប្រើប្រាស់សង្រ្គាមកូនកាត់ ដើម្បីបង្អាក់ដល់បណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ។
សារព័ត៌មាន KCNរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានសាកល្បងក្បាលគ្រាប់ចង្កោមបំពាក់នៅលើមីស៊ីលបាលីស្ទិក ហើយនិងអាវុធអេឡិចត្រូម៉ាញ៉េទិច គឺជាសញ្ញាមួយត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញសតម្ថភាពរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធក្នុងសង្រ្គាមទំនើប ។
ទីភ្នាក់ងារ KCNA រាយការណ៍ទៀតថា បណ្ឌិតសភាវិទ្យាសាស្រ្តការពារជាតិ និងរដ្ឋបាលមីស៊ីលកូរ៉េខាងជើង បានសាកល្បងផងដែរគ្រាប់បែកសរសៃកាបូន និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តយន្តហោះរយៈចម្ងាយជិតចល័ត ៕

