លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់ សារព័ត៌មាន Izvestiaថា រុស្ស៊ីមិនមានបំណងពន្យារពេលការបន្តកិច្ចចរចាអំពីអ៊ុយក្រែនទេ ទោះបីជាស្ថានភាពក៏អាស្រ័យលើអ្នកណាដែលសហរដ្ឋអាមេរិកតែងតាំងឲ្យដឹកនាំការចរចារបស់ខ្លួនជាមួយអ៊ីរ៉ង់ក៏ដោយ។

លោក Miroshnik បាននិយាយថា៖«ការយល់ព្រមពីភាគីទាំងបីដែលមាន រុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន គឺចាំបាច់សម្រាប់ការចរចា ដើម្បីឆ្ពោះទៅមុខ។ ឥឡូវនេះ ភាគច្រើនអាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនលើអ្នកណាដែលនឹងតំណាងឲ្យខ្លួននៅក្នុងការចរចាជាមួយអ៊ីរ៉ង់»។ «ប្រសិនបើទាំងនេះ គឺជាអ្នកចរចាដូចគ្នា នោះបញ្ហានេះ អាចត្រូវបានពន្យារពេលជាបណ្តោះអាសន្ន ដែលទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គជាមូលដ្ឋានក្នុងការបន្ត ឬជំរុញផ្លូវចរចាសម្រាប់ការដោះស្រាយនៅអ៊ុយក្រែននោះទេ។ ក្នុងករណីណាក៏ដោយ ខ្ញុំជឿថា នឹងមិនមានឧបសគ្គ ឬការពន្យារពេល ក្នុងការបន្តដំណើរការចរចាពីភាគីរុស្ស៊ីទេ»៕
