សមាជិកជនជាតិភាគតិចបានជួបជុំគ្នានៅទីក្រុង Brasilia ស្របពេលដែលតុលាការកំពូលសហព័ន្ធប្រេស៊ីល បើកសវនាការឡើងវិញ លើភាពស្របច្បាប់នៃច្បាប់ដែលនឹងកាត់តំបន់ឧទ្យានជាតិ Jamanxim របស់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ស្ថិតក្នុងរដ្ឋ Para ដើម្បីត្រួសត្រាយផ្លូវសម្រាប់គម្រោងផ្លូវរថភ្លើង Ferrograo ។
សមាជិកចលនាជនជាតិភាគតិចត្រូវបានគេមើលឃើញនៅបរិវេន Acampamento Terra Livre ដែលជាកន្លែងជួបជុំជនជាតិភាគតិចធំបំផុតរបស់ប្រេស៊ីល ហើយក្រោយមក ពួកគេបានជួបជុំគ្នានៅមុខតុលាការកំពូល ជាទីដែលពួកគេតាមដានសវនាការ និងកាន់បដាប្រឆាំងគម្រោងផ្លូវរថភ្លើងមួយនេះ ។
នៅក្នុងចំណោមក្រុមបាតុករដែលមានវត្តមាននៅថ្ងៃនេះ គេឃើញមាននូវវត្តមានរបស់មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំជនជាតិភាគតិចគេស្គាល់បំផុតរបស់ពិភពលោកគឺលោក Raoni Metuktire ដែលបានអំពាវនាវឲ្យមានការសន្ទនាជាមួយក្រុមអាជ្ញាធរ ក៏ដូចជាការគាំទ្រ ដើម្បីការពារដែនដីរបស់ជនជាតិភាគតិច ។
សូមបញ្ជាក់ថា គម្រោងផ្លូវរថភ្លើង Ferrograo ដែលមានប្រវែងប្រហែល ១ពាន់គ.ម ត្រូវបានគេរៀបចំឡើង ដើម្បីដឹកគ្រាប់ធុញ្ញាជាតិរវាងទីក្រុង Sinop ស្ថិតក្នុងរដ្ឋ Mato Grosso និងទីក្រុង Miritituba ស្ថិតក្នុងរដ្ឋ Para ៕

