រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះថា ចក្រភពអង់គ្លេសបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យវាយប្រហារខ្សែកាប និងបំពង់បង្ហូរប្រេងរបស់ខ្លួន នៅពេលដែលនាវាទាំងនេះ បានចំណាយពេលប្រហែល ១ខែ នៅក្នុងដែនទឹកអង់គ្លេស កាលពីដើមឆ្នាំនេះ។
លោក Healey បាននិយាយថា កងកម្លាំងអង់គ្លេស និងសម្ព័ន្ធមិត្ត រួមទាំងប្រទេសន័រវ៉ែសផងដែរ បានតាមដាន និងរារាំងសកម្មភាពមិនល្អរបស់នាវារុស្ស៊ី ហើយបានបញ្ជាក់ថា លោកកំពុងបង្ហាញប្រតិបត្តិការនេះជាសាធារណៈ ដូច្នេះប្រធានាធិបតី Vladimir Putin នឹងដឹងថា នាវាទាំងនោះត្រូវបានរកឃើញ។
លោកបានបន្ថែមថា នាវាមុជទឹកទាំងនេះ ឥឡូវនេះបានចាកចេញពីដែនទឹកអង់គ្លេស ហើយបានឆ្ពោះទៅភាគខាងជើង ហើយមិនមានសញ្ញាពីការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកនោះទេ។
លោក Healey បាននិយាយថា៖ «ទៅកាន់លោកប្រធានាធិបតី Putin ខ្ញុំសូមប្រាប់ថា យើងឃើញអ្នក។ យើងឃើញសកម្មភាពរបស់អ្នកលើខ្សែកាប និងបំពង់បង្ហូរប្រេងរបស់យើង ហើយអ្នកគួរតែដឹងថា ការប៉ុនប៉ងណាមួយ ដើម្បីបំផ្លាញពួកវា នឹងមិនត្រូវបានអត់ឱនឲ្យនោះទេ ហើយនឹងមានផលវិបាកធ្ងន់ធ្ងរ»។
លោក Healey បានប្រាប់បន្ថែមថា ប្រតិបត្តិការរបស់រុស្ស៊ីនេះ មានពាក់ព័ន្ធនឹងនាវាមុជទឹកវាយប្រហារប្រភេទ Akula របស់រុស្ស៊ី និងនាវាមុជទឹកឯកទេស ២គ្រឿងមកពីនាយកដ្ឋានដ៏សំខាន់ សម្រាប់ការស្រាវជ្រាវសមុទ្រទឹកជ្រៅ (GUGI) របស់ទីក្រុងមូស្គូ៕