អ្នកនាំពាក្យរបស់តុលាការ នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ការកាត់ក្តី ក្នុងសំណុំរឿងពុករលួយដ៏យូរអង្វែងរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងចាប់ផ្ដើមឡើងវិញ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានដកចេញវិធានការគ្រាអាសន្នដែលត្រូវបានដាក់ ដោយសារសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់។
អ៊ីរ៉ង់បានចាប់ផ្តើមកំណត់គោលដៅអ៊ីស្រាអែលដោយមីស៊ីលបាលីស្ទិក និងយានដ្រូន បន្ទាប់ពីអ៊ីស្រាអែល និងប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាប្រតិបត្តិការដែលត្រូវបនាផ្ដល់ហេតុផលថា មានគោលបំណងរារាំងអ៊ីរ៉ង់កុំឲ្យប្រើឥទ្ធិពលលើកងកម្លាំងក្រៅប្រទេស បញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងជំរុញឲ្យផ្តួលរំលំអ្នកគ្រប់គ្រងរបស់ប្រទេសនេះ។
ស្ថានភាពគ្រាអាសន្ន ដែលបានបិទសាលារៀន និងកន្លែងធ្វើការ ត្រូវបានដកកាលពីល្ងាចថ្ងៃពុធ ដោយសារតែមិនមានការរាយការណ៍ អំពីមីស៊ីលអ៊ីរ៉ង់បាញ់ចូលមកទៀតឡើយ ចាប់តាំងពីម៉ោង ៣ព្រឹកម៉ុងក្នុងស្រុក (ត្រូវនឹងម៉ោង ១២យប់ ម៉ោងសកល) បន្ទាប់ពីបទឈប់បាញ់ត្រូវបានព្រមព្រៀងគ្នា។
សេចក្តីថ្លែងការណ៍មួយពីតុលាការអ៊ីស្រាអែល បានឲ្យដឹងថា៖ «ដោយមានការដកវិធានការស្ថានភាពគ្រាអាសន្ន ហើយប្រព័ន្ធតុលាការវិលត្រឡប់មកធ្វើការវិញ សវនាការនឹងចាប់ផ្ដើមឡើងវិញដូចធម្មតា»។ សេចក្ដីថ្លែងការណ៍ បានបន្ថែមថា ដំណើរទាំងនោះ នឹងធ្វើឡើង រវាងថ្ងៃអាទិត្យ និងថ្ងៃពុធ។
លោក Netanyahu ដែលជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ បានបដិសេធការចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត ដែលធ្វើឡើងនៅឆ្នាំ២០១៩ បន្ទាប់ពីមានការស៊ើបអង្កេតជាច្រើនឆ្នាំ។ ការកាត់ក្តីលើរូបលោក ដែលបានចាប់ផ្តើមនៅឆ្នាំ២០២០ និងអាចនាំឲ្យមានការជាប់ពន្ធនាគារនោះ ត្រូវបានពន្យារពេលម្តងហើយម្តងទៀតដោយសារភារកិច្ចរបស់លោក ដែលនាំឲ្យដំណើរការមិនឃើញទីបញ្ចប់៕