នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ ប្រធានសភាអ៊ីរ៉ង់បាននិយាយថា ប្រទេសលីបង់ គឺជាផ្នែកសំខាន់មួយនៃបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយសហរដ្ឋអាមេរិក ដោយព្រមានថា ការរំលោភបំពាន នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរ ដោយការលើកឡើងនេះបានកើតមានក្រោយការវាយប្រហារដ៏ធំរបស់អ៊ីស្រាអែលលើលីបង់។
តាមរយៈសារលើបណ្ដាញសង្គម X លោក Mohammad Bagher Ghalibaf បានបញ្ជាក់ថា៖ «ប្រទេសលីបង់ និងក្រុមតស៊ូអាក់ស៊ីសទាំងមូល ក្នុងនាមជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បង្កើតបានជាផ្នែកមួយដែលមិនអាចបំបែកចេញពីបទឈប់បាញ់នេះ»។ លោកបានបន្ថែមថា៖ «ការរំលោភបំពានបទឈប់បាញ់នាំឲ្យមានការខាតបង់ជាក់ស្តែង និងការឆ្លើយតបយ៉ាងខ្លាំងក្លា។ សូមពន្លត់ភ្លើងជាបន្ទាន់»។
មានការពិភាក្សាថា លោក Ghalibaf ទំនងជាអ្នកចរចា ដែលអាចជួបជាមួយអនុប្រធានាធិបតីអាមេរិក JD Vance នៅចុងសប្តាហ៍នេះ សម្រាប់ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីនៃប្រទេសប៉ាគីស្ថាន។
មិនខុសពីមន្ត្រីអ៊ីរ៉ង់ដទៃទៀតដែរ លោកបានទទូចថា បទឈប់បាញ់រយៈពេល ២សប្តាហ៍ បានពង្រីកដល់ប្រទេសលីបង់ ជាអ្វីដែលត្រូវបានបដិសេធដោយទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ អ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងបន្តការវាយប្រហាររបស់ខ្លួន ទៅលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុងតំបន់ កាលពីថ្ងៃទី២ ខែមីនា។
មិនយូរប៉ុន្មានបន្ទាប់ពីនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងនៅលើបណ្ដាញសង្គម X ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយនឹងធ្វើឲ្យការចរចាឥតន័យ៕