រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមលើបទឈប់បាញ់សម្រាប់បុណ្យ Easter គ្រិស្តអូតូដុក (Orthodox Easter)ដោយលោក Vladimir Putin បាននិយាយថា លោកបានបញ្ជាឱ្យកងទ័ពរុស្ស៊ីបញ្ឈប់ការបាញ់ប្រហារពីគ្រប់ទិសទីនៅចុងសប្តាហ៍នេះ។

សេចក្តីប្រកាសពីទីក្រុងមូស្គូបានកើតឡើងបន្ទាប់ពីលោក Volodymyr Zelenskyy បានចេញការអំពាវនាវម្តងហើយម្តងទៀតសម្រាប់បទឈប់បាញ់ ដែលទាំងអស់នេះមិនត្រូវបានអើពើដោយវិមានក្រឹមឡាំងឡើយ។
ឥឡូវនេះ លោក Putin បានប្រកាសបទឈប់បាញ់ចាប់ពីម៉ោង ១៦:០០នាទី ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍ ទី១១ ខែមេសា រហូតដល់ថ្ងៃអាទិត្យបុណ្យ Easter ដោយបន្ថែមថា លោករំពឹងថាអ៊ុយក្រែននឹង ធ្វើតាមគំរូរបស់រុស្ស៊ី។ លោកបានបញ្ជាឱ្យកងកម្លាំងរបស់លោកត្រៀមខ្លួនទប់ស្កាត់សកម្មភាពញុះញង់របស់សត្រូវដែលអាចកើតមាន និងសកម្មភាពឈ្លានពានណាមួយ។ប៉ុន្តែមិនយូរប៉ុន្មាន លោក Zelenskyy បានបង្ហោះលើបណ្ដាញសង្គម X ថាអ៊ុយក្រែន ត្រៀមខ្លួនសម្រាប់ជំហានស្របគ្នា។

លោកបានសរសេរថា ប្រជាជនត្រូវការបុណ្យ Easter ដែលគ្មានការគំរាមកំហែង និងសកម្មភាពពិតប្រាកដឆ្ពោះទៅរកសន្តិភាព និងក៏ដើម្បីកុំឱ្យរុស្ស៊ីមានឱកាសវិលត្រឡប់ទៅរកការវាយប្រហារវិញបន្ទាប់ពីបុណ្យ Easter ដែរ។
មនុស្សមួយចំនួនបានស្លាប់ក្នុងការវាយប្រហារទៅវិញទៅមកដោយយានដ្រូន ក្នុងសប្ដាហ៍នេះ ក្នុងនោះ ៧នាក់នៅអ៊ុយក្រែន និង៣នាក់នៅរុស្ស៊ី។កាលពីដើមសប្តាហ៍នេះ លោក Zelenskyy បាននិយាយថា លោកបានស្នើសុំឱ្យសហរដ្ឋអាមេរិកបញ្ជូនសំណើសម្រាប់បទឈប់បាញ់ចុងសប្តាហ៍ទៅកាន់ទីក្រុងមូស្គូ ជាជំហានដំបូង។
រហូរមកដល់ពេលនេះ មានជំនួបចរចាជាច្រើនជុំ ដោយសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ប៉ុន្តែដំណើរការបានជាប់គាំង ចាប់តាំងពីលោក Donald Trump បានងាកទៅផ្ដោតលើសង្គ្រាមនៅមជ្ឈិមបូព៌ា៕

