Tottenham Hotspur កំពុងស្ថិតក្នុងហានិភ័យខ្ពស់បំផុតមួយ តែពួកគេទើបតែបានតែងតាំងគ្រូបង្គោលម្នាក់ទៀត ដើម្បីស្រោចស្រោងកាលៈទេសៈដ៏លំបាកនេះ។
ក្លិបទីក្រុងឡុងដ៍មួយនេះបានប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Roberto de Zerbi ជាមួយនឹងកិច្ចសន្យា ៥ ឆ្នាំ។

តើអតីតអ្នកចាត់ការ Brighton រូបនេះត្រូវធ្វើបែបណាដើម្បីសង្រ្គោះ Spurs ពីស្ថានភាពបែបនេះ?
បុរសសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានគេស្គាល់ថា ជាគ្រូបង្វឹកដែលមានទំនោរដឹកនាំប្រយុទ្ធច្រើនជាងការពារ និងគ្រប់គ្រងបាល់ច្រើន ហើយយុទ្ធសាស្រ្តបែបនេះលោក De Zerbi តែងតែប្រើពេញមួយអាជីពរបស់លោកទៅហើយ។
រំលឹកពីប្រវត្តិដើមបន្តិច មើលទៅមិនជោគជ័យឡើយ ពោលគឺបីឆ្នាំបន្ទាប់ពីចាប់ផ្តើមអាជីពគ្រូបង្វឹកដឹកនាំក្លិបនៅក្របខណ្ឌទីបួនរបស់អ៊ីតាលី De Zerbi ត្រូវបានតែងតាំងឱ្យដឹកនាំក្លិប Serie A, Palermo តែមិនជោគជ័យ ហើយត្រូវបានក្លិបបណ្តេញចេញ ក៏បានបន្តទៅដឹកនាំក្លិបឡើងថ្មី Benevento តែក៏ធ្លាក់ទៅ Serie B។
ថ្វីបើបរាជ័យនៅពីក្រោយដ៏ជោគជាំ Roberto de Zerbi ក្រោយមកក៏រីករាយនឹងភាពជោគជ័យរបស់ខ្លួនវិញ ដោយឡើងទៅវគ្គជម្រុះក្របខណ្ឌអឺរ៉ុបនៅពេលដឹកនាំក្លិប Premier League, Brighton ពីឆ្នាំ ២០២២ ដល់ ២០២៤ មុនពេលចាកចេញទៅ Marseille ដឹកនាំក្រុមបានលេខ ២ ក្នុងលីគបារាំងរដូវកាលមុន។
ថ្វីបើមិនទាន់ឈ្នះពាន របៀបដឹកនាំ មិនថាកត្តាចិត្តសាស្រ្ត និងយុទ្ធសាស្រ្តនៅលើទីលាន Roberto de Zerbi ត្រូវបាន Spurs ផ្តល់ទំនុកចិត្តរហូតតែងតាំងឱ្យក្លាយជាគ្រូបង្វឹកផ្លូវការក្នុងកិច្ចសន្យាដល់ទៅ ៥ ឆ្នាំ ពោលគឺទោះបីជា Spurs គេចមិនផុតពីការកាត់ចោលទៅ League Championship បុរសវ័យ ៤៦ ឆ្នាំរូបនេះនៅតែបន្តដឹកនាំ។
៧ ប្រកួតដែលនៅសល់សម្រាប់ Spurs រួមមាន ទៅផ្ទះ Sunderland សប្តាហ៍ក្រោយ មុនបន្តជួប Brighton, Leeds, Everton, Wolves, Aston Villa និង Chelsea៕ អត្ថបទ៖នាង សុភាវុធ
