នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមិនមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ទេ ដោយបង្ហាញសញ្ញាថា អ៊ីស្រាអែល នឹងបន្តប្រតិបត្តិការយោធា ខណៈពេលដែលកំពុងបន្តផែនការចរចាជាមួយទីក្រុងបេរូត។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយទៅកាន់ប្រជាជននៅភាគខាងជើង អ៊ីស្រាអែលថា៖«គ្មានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ទេ»។ «យើងបន្តវាយប្រហារក្រុមហេសបូឡាដោយកម្លាំង ហើយយើងនឹងមិនឈប់ទេ រហូតដល់យើងស្តារសន្តិសុខឡើងវិញបានទាំងស្រុង»។

លោកបាននិយាយថា លោកបានណែនាំគណៈរដ្ឋមន្ត្រីរបស់លោកឲ្យបើកការចរចាដោយផ្ទាល់ជាមួយប្រទេសលីបង់ បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា ជាសំណើម្តងហើយម្តងទៀតពីរដ្ឋាភិបាលលីបង់។
លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា ការចរចានេះ ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នៅទីក្រុងវ៉ាស៊ីនតោន មានគោលបំណងដកហូតអាវុធពីក្រុមហេសបូឡា និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ និងយូរអង្វែង»។ គណៈប្រតិភូនេះ នឹងត្រូវដឹកនាំដោយឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក៕