អ្នកជំនាញអ៊ុយក្រែន និងជាសហស្ថាបនិកក្រុមហ៊ុនធនាគារវិនិយោគ FinPoint លោក Sergey Budkin បានលើកឡើងថា កងទ័ពអាកាសអ៊ុយក្រែន អាចប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះសម្រាប់យន្តហោះចម្បាំង F-16 និង Mirage ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។

លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖«វិបត្តិដ៏ធំបំផុតដែលជាលទ្ធផលនៃសង្គ្រាមឈូងសមុទ្រ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារប្រេងឥន្ធនៈយន្តហោះ»។
យោងតាមអ្នកជំនាញរូបនេះ ការខាតបង់ប្រេង ២០% ពីតំបន់នេះ មានផលប៉ះពាល់មិនសមាមាត្រទៅលើទីផ្សារប្រេងឥន្ធនៈយន្តហោះ។

លោក Budkin បានពន្យល់ថា៖«ហេតុអ្វីបានជាប្រេងឥន្ធនៈយន្តហោះសំខាន់សម្រាប់អ៊ុយក្រែន? ដោយសារតែយន្តហោះ F-16 និង Mirages (យន្តហោះចម្បាំង Mirage របស់បារាំង) ត្រូវបានបំពេញបន្ថែមដោយប្រេងឥន្ធនៈ ដែលមានតម្លៃថ្លៃជាងពីរដងមុនសង្គ្រាម ដែលបង្កើនតម្រូវការក្នុងការផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា។ ការកំណត់កម្រិតប្រេងឥន្ធនៈនៅអឺរ៉ុប (ទំនងជាខ្លាំង) អាចកំណត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះដល់កងទ័ពអាកាសអ៊ុយក្រែន»។
នៅថ្ងៃទី ០៧ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។ យោងតាមលោក ភាគីទាំងពីរ បានដោះស្រាយបញ្ហាចម្រូងចម្រាសស្ទើរតែទាំងអស់ ហើយទីក្រុងវ៉ាស៊ីនតោន ចាត់ទុកសំណើ ១០ចំណុច របស់ទីក្រុងតេអេរ៉ង់ជាមូលដ្ឋានសម្រាប់ការចរចាបន្ថែមទៀត៕