ទូរទស្សន៍រដ្ឋ បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានបញ្ជាក់នៅក្នុងសារជាលាយលក្ខណ៍អក្សរចុងក្រោយរបស់លោកថា សាធារណរដ្ឋឥស្លាមមិនចង់មានសង្គ្រាម ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ ប៉ុន្តែនឹងការពារសិទ្ធិរបស់ខ្លួនជាប្រជាជាតិមួយ។

នៅក្នុងសារដែលត្រូវបានអានតាមទូរទស្សន៍រដ្ឋ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីឪពុករបស់លោក គឺលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃសង្គ្រាម លោកបានលើកឡើងថា៖ «យើងមិនបានស្វែងរកសង្គ្រាមទេ ហើយយើងក៏មិនចង់បានវាដែរ»។
ដោយសំដៅទៅលើប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ គឺក្រុមហេសបូឡា លោកបានបន្ថែមថា៖ «ប៉ុន្តែយើងនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់របស់យើង ទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយក្នុងន័យនេះ យើងចាត់ទុករណសិរ្សតស៊ូទាំងមូលជាក្រុមរួបរួមតែមួយជាមួយយើង»។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមនៅសប្តាហ៍នេះ ចំពោះបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍ជាមួយសហរដ្ឋអាមេរិក ដែលអាចនាំឲ្យមានការចរចាសន្តិភាព បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមកំហែងបង្កការបំផ្លិចបំផ្លាញ។
ដោយទំនងជារងរបួសនៅក្នុងការវាយប្រហារដែលបានសម្លាប់ឪពុករបស់លោក លោក Mojtaba Khamenei នៅតែមិនត្រូវបានគេឃើញជាសាធារណៈនោះឡើយ ចាប់តាំងពីរូបលោកត្រូវបានតែងតាំងជាអ្នកដឹកនាំ។ លោកបានចេញសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរ ដែលភាគច្រើន ត្រូវបានអានដោយពិធីករតាមទូរទស្សន៍រដ្ឋ៕

