នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) ថា លោកកំពុងស្វែងរកការចរចាដោយផ្ទាល់ជាមួយទីក្រុងបេរូត ដោយសម្ដីនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏អាក្រក់បំផុតនៃសង្គ្រាមនេះ បានសម្លាប់មនុស្សជាង ៣០០នាក់ នៅក្នុងប្រទេសលីបង់ និងបានធ្វើឲ្យបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្ថិតក្នុងហានិភ័យ។

លោក Trump បានប្រកាសពីបទឈប់បាញ់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់រយៈពេល ៦សប្តាហ៍ កាលពីយប់ថ្ងៃទី៧ ខែមេសា ពោលគឺត្រឹមតែប៉ុន្មានម៉ោងមុនកាលកំណត់ បន្ទាប់ពីនោះលោកបានគំរាមបំផ្លាញអារ្យធម៌ទាំងមូលរបស់អ៊ីរ៉ង់។ នៅប្រទេសប៉ាគីស្ថាន អាជ្ញាធរកំពុងរៀបចំសម្រាប់ជុំទី២ នៃកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបិទផ្នែកខ្លះនៃរដ្ឋធានីអ៊ីស្លាម៉ាបាដ។
ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថា អ៊ីរ៉ង់កំពុងដកការបិទដែលស្ទើរតែមានទាំងស្រុងលើច្រកសមុទ្រ Hormuz នោះទេ ហើយការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើប្រទេសលីបង់ ត្រូវបានលើកឡើងថា ជាចំណុចជាប់គាំងដ៏សំខាន់។
យ៉ាងណាក្ដី លោក Netanyahu ដែលរដ្ឋាភិបាលរបស់លោក បានបដិសេធមិនទទួលយកការស្នើឲ្យមានការចរចាដោយផ្ទាល់ជាមួយលីបង់ កាលពីខែមីនា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានផ្តល់ការណែនាំឲ្យចាប់ផ្តើមការចរចាសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលនឹងរួមបញ្ចូលការរំសាយអាវុធរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ផងដែរ។ លោកបាននិយាយថា៖ «ការចរចានឹងផ្តោតលើការរំសាយអាវុធរបស់ក្រុមហេសបូឡា និងការបង្កើតទំនាក់ទំនងសន្តិភាព រវាងអ៊ីស្រាអែល និងលីបង់»៕


