
សំណើរសុំអន្តរាគមន៍ពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជួយទប់ស្កាត់ការលួចនាំចូលសត្វរស់ និងផលិតផលធ្វើពីសាច់សត្វនៅតាមព្រំដែន ទៅកាន់ខេត្តចំនួន ៤ ត្រូវបានអាជ្ញារគាំទ្រពេញទំហឹង ក្នុងការជួយទប់ស្កាត់ និងរឹតបន្តឹងនៅតាមបណ្តាច្រកព្រំដែនឲ្យបានជាអតិបរមា។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២២នេះថា ពាក់ព័ន្ធករណីស្នើដល់អាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វរស់ និងផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក សមាគមបានដាក់ទៅកាន់ខេត្តចំនួន៤ មានខេត្តព្រៃវែង ត្បូងឃ្មុំ, តាកែវ និងខេត្តស្វាយរៀង ដើម្បីស្នើរសុំអន្តរាគមន៍ និងជួយទប់ស្កាត់ នៃការនាំចូលដោយខុសច្បាប់នេះ។
លោក ស្រ៊ុន ពៅ បន្តថា ជុំវិញករណីដាក់សំណើរជួយអន្តរាគមន៍នេះ ត្រូវបានអាជ្ញាធរ ពិសេសមន្រ្តីពាក់ព័ន្ធ បានគាំទ្រពេញទំហឹងក្នុងការស្វែងរក និងជួយទប់ស្កាត់ រឹតបន្តឹងថែមទៀត។ តាមរយៈនៃការប្តេជ្ញាជួយទប់ស្កាត់របស់អាជ្ញាធរនេះ ធ្វើឲ្យលោកក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ ក៏ដូចជាសមាគម មានភាពកក់ក្តៅ និងជឿជាក់ចំពោះវិធានការណ៍របស់អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ ក្នុងការចូលរួមសកម្មភាពនេះ ប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានដាក់សំណើរចំនួនពីរច្បាប់ទៅកាន់សាលាខេត្តតាកែវ និងមួយច្បាប់ទៀតទៅសាខាគយ និងរដ្ឋាករខេត្តតាកែវ និងបានបន្តការដាក់សំណើរនេះនៅខេត្តស្វាយរៀង, ព្រៃវែង និងខេត្តត្បូងឃ្មុំ។
ទាក់ទងការដាក់សំណើរនេះ, លោក ថៃ លី ប្រធានការិយាល័យបសុសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ថ្លែងឲ្យដឹងថា ចំពោះសំណើររបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជានេះ មន្ទីរទទួលយកមកពិនិត្យរួចហើយ និងបានបញ្ជូនទៅសាលាខេត្ត ដែលកិច្ចការនេះ សាលាខេត្តនឹងគ្រោងបើកការប្រជុំក្នុងពេលឆាប់ៗ។
ចំណែកនៅខេត្តស្វាយរៀងវិញ មន្រ្តីរដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា ចំពោះសំណើររបស់សមាគមនេះ សាលាខេត្តបានទទួលយកសំណើរនេះរួចហើយ បច្ចុប្បន្នកំពុងរង់ចាំថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ក្នុងការបន្តចុះអន្តរាគមន៍ចំពោះបញ្ហាទាំងនេះ៕ អត្ថបទ៖ សុន រ៉ាឌី